Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ បងប្អូនឥស្លាមកាន់តែច្រើន មានលទ្ធភាពនិង ឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ហើយមានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអង្គការ RISEAP និងថ្នាក់ដឹកនាំសាសនាឥស្លាមនៅកម្ពុជា​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០។ ព្រមជាមួយគ្នានេះដែរ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល។

សម្តេចបានប​ន្តទៀតថា សន្តិភាព ភាពជឿនលឿននៃសង្គម-សេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើន ក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ បងប្អូនឥស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និង ឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមយកឱកាសនេះសំដែងនូវការកោតសរសើរចំពោះអង្គការ RISEAP ដែលបានរួមចំណែកជាមួយបណ្តាប្រទេសជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព និង សិទ្ធិសេរីភាពរបស់បងប្អូនឥស្លាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត ២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះ គឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំ ចុងក្រោយនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសជាច្រើនមកពីបណ្តាទ្វីបនានាលើពិភពលោក តែងតែបានថ្លែងការកោតសរសើរចំពោះការ ផ្លាស់ប្ដូរមុខមាត់ ស្ទើរតែមិនគួរឱ្យជឿរបស់កម្ពុជា ដែលបានជួបសោកនាដកម្មប្រវត្តិសាស្ត្រ ដែលពិបាកនឹងស្រមើស្រមៃ។ បណ្តាមិត្តរបស់កម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះមេរៀន ការកសាងសន្តិភាព, បង្រួបបង្រួមជាតិ និង ភាពអត់ឱនរបស់កម្ពុជា, ហើយនៅក្នុងនោះ មិត្តរបស់យើងក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាពសុខដុមនី យកម្មសាសនា ទោះបីជាកម្ពុជាកំណត់យកពុទ្ធសាសនាជា សាសនារបស់រដ្ឋក៏ដោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែសោះ អំពីជម្លោះសាសនានៅកម្ពុជា ។ សម្រាប់កម្ពុជាសហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនខ្មែរឥស្លាមបានរងទុក្ខលំបាកដោយសារសង្គ្រាម ការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និង អំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំឱ្យមានស្ថាប័ន កំពូលឥស្លាមគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង បានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជា ច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋភិបាលបើកទូលាយ, ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តីអាចទទូរក្បាល ហើយ បុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើ ឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និង អត្តសញ្ញាណបណ្ណ ។ល ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនឥស្លាមកាន់តែច្រើនក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយ វិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា យើងទទួលស្គាល់ថា បងប្អូនឥស្លាម គឺជាសមាសធាតុ និង សមាជិកប្រកបដោយការទទួលខុសត្រូវ នៅក្នុងសង្គមជាតិខ្មែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនឥស្លាមក៏បានយល់យ៉ាងច្បាស់ និងមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹង លទ្ធិជ្រុលនិយម, ទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងជំរុញឱ្យមានការបែងចែក និង បំបែកបំបាក់សង្គម កំហឹង និង ការរើសអើង និង ការប្រើប្រាស់ហិង្សា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចបន្តលើកទឹកចិត្តឱ្យបងប្អូនខ្មែរឥស្លាម ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការដើរតួ ជាទូតសុឆន្ទៈ, ជាដៃគូពាណិជ្ជកម្ម និង ដៃគូវិនិយោគ និង ជាអន្តរការី ដែលអាចទុកចិត្តបាន និងមានភាពស្មោះត្រង់ សម្រាប់ដៃគូឥស្លាមបរទេស នៅក្នុងការជំរុញការផ្សារភ្ជាប់ និងពង្រឹងវត្តមានកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចប្រកបដោយវិបុលភាពនៃឥស្លាមអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×