នេះជាករណីថ្មី ដែលបងប្អូន ជាពិសេសអ្នកលក់ដូរ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះស្រ្តីមុខស្រស់ម្នាក់ ដែលជាជនដើរបោកប្រាស់គេច្រើនកន្លែងហើយ តាមរយៈស្ទាយធ្វើជាមកទិញអីវ៉ាន់ តែចុងក្រោយ ប្រើល្បិចបោកយកលុយកាក់ និងទូរស័ព្ទ តែម្តង។
ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញស្រ្តីរូបនោះ មានសម្បុរខ្មៅស្រអែម មុខស្រស់ ស្ថិតក្នុងសម្លៀកបំពាក់ខោខូវប៊យ និងពាក់អាវយ៉ាងហំ បានមកទិញអីវ៉ាន់ នៅផ្ទះស្រ្តីលក់ដូរដ៏ធំគួរសមមួយកន្លែង ដោយបានកុម្ម៉ង់ទិញអីវ៉ាន់យ៉ាងច្រើនមុខ ដ៏គួរឲ្យសង្ស័យ ដែលសរុបជាទឹកប្រាក់រហូតចំនួនជាង ២០០ ដុល្លារ ដែលស្មើអីវ៉ាន់មួយរទេះ។
តែខណៈទូទាត់លុយ ស្រ្តីឆបោកវ័យក្មេងរូបនេះ ដែលជាមនុស្សប្លែកមុខ មិនដែលឃើញនៅក្នុងស្រុកភូមិ ក៏ស្រាប់តែប្រើល្បិចនិយាយថា ខ្លួនពុំមានលុយគ្រប់ទេ ហើយធ្វើជាសុំទៅខ្ចីលុយបងប្អូន នៅក្នុងភូមិ ដែលអះអាងថាស្គាល់អ្នកនេះអ្នកនោះដ៏គួរឲ្យទុកចិត្ត។
តែសំណាងអ្នកលក់ហើយ ដែលគាប់ជូនពេលនោះ ក៏មានបុរសម្នាក់ចូលមក ឃើញទូរស័ព្ទទំនង ក៏ធ្វើជាសុំខ្ចីតេទៅបងប្អូន។ ប៉ុន្តែ ខណៈបុរសនោះភ្លេចខ្លួន រួមទាំងអ្នកលក់ក៏រវល់លក់ដូរ មិនចាប់អារម្មណ៍ ក៏ត្រូវបានស្រ្តីរូបនេះ យកទូរស័ព្ទជិះម៉ូតូចាកចេញទៅបាត់ស្រមោល ដែលធ្វើឲ្យស្រឡាំងកាំងគ្រប់គ្នាតែម្តង។
អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់វីដេអូនេះត្រូវបានចែករំលែក ក៏បានឃើញអ្នកលក់ដូរជាច្រើន បានចូលមកប្រាប់ទាំងក្តៅក្រហាយថា ស្រ្តីមុខស្រស់ សម្បុរខ្មៅស្រអែមរូបនេះ ធ្លាប់បានបោកយកទូរស័ព្ទពីពួកគាត់ តាមរយៈស្ទាយធ្វើជាមុខទិញអីវ៉ាន់ដូចគ្នានេះដែរ។ ហេតុនេះ សូមបងប្អូនអ្នកលក់ចាបហួយដទៃ មានការប្រុងប្រយ័ត្ន និងចំណាំមុខស្រ្តីវ័យក្មេងរូបនេះផង!!៕