Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ សម្រេចផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿងព្រហ្មទណ្ឌរបស់ លោកផាត់ ហ៊ន ហៅ ហ៊ន ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មកសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ផ្អែកតាមសំណើរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
បានចេញលិខិតជម្រាបមកឯកឧត្តម ប្រធានសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម អំពីសំណើសុំផ្ទេរសមត្ថកិច្ចលើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦០ ចុះថ្ងៃទី ២៧-១១-២០២៤
របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជម្រាប ឯកឧត្តមជ្រាបថា ក្រសួងយុត្តិធម៌បានទទួល លិខិតរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦០ ចុះថ្ងៃទី ២៧-១១-២០២៤ ដែលមានឈ្មោះ សួស ឡា ជាដើមបណ្ដឹង បានប្តឹងឈ្មោះ ផាត់ ហ៊ន ហៅ ហ៊ន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្អួចឈ្មោះស្ថាប័នតុលាការ និងការិះគន់លើសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការលើកចោលដីកាសម្រេចរក្សាការពារ” ដែលបាននិងបន្តប្រព្រឹត្តតាមការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមានគណនីសារព័ត៌មាន KH Plus News ព័ត៌មានសង្គម កាលពី ថ្ងៃទី ២០ និង ២១-១១-២០២៤។ ផ្អែកតាមសំណើរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដើម្បីធានា បាននូវដំណើរការល្អនៃយុត្តិធម៌តុលាការ និងដោយយោងតាមមាត្រា ១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការ តុលាការ, ក្រសួងយុត្តិធម៌សម្រេចផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌខាងលើ ពីសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមឯកឧត្តម ពិនិត្យចាត់ចែងផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿង ព្រហ្មទណ្ឌខាងលើ ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយអនុវត្តតាមនីតិវិធីជាធរមាន។

សូមរំលឹកថា អយ្យការអមសាលាដំបូង ខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការស៊ើបអង្កេតបឋមក្នុងសំណុំរឿងព្រហ្មទណ្ឌលើឈ្មោះ ផាត់ ហ៊ន។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបថា ក្រោយពីឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ដែលមានមុខរបរជាអ្នកសារព័ត៌មាន បានបន្តផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងមានចរិតជាការជេរប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហា វិវាទដីធ្លីរវាងឈ្មោះ ឆ្លើយ ទ្រី និងឈ្មោះ លឹម សុធី ហៅ ធី នៅចំណុចភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អ្នកនាំពាក្យមានភាពចាំបាច់ក្នុងការគូសបញ្ជាក់លើចំណាត់ការផ្នែកនីតិវិធីជូនសាធារណជនឱ្យ បានជ្រាបដូចខាងក្រោម៖
១-តំណាងអយ្យការបានធ្វើការកោះហៅឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ឱ្យចូលមកអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ដើម្បីធ្វើការស្តាប់ចម្លើយពាក់ព័ន្ធនឹងអង្គហេតុ ដែលជននេះបានផ្សព្វផ្សាយជាសាធារណៈ ភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្ដីមិន សមរម្យ និងការប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការកោះហៅនេះ គឺជាដំណើរការនីតិវិធីធម្មតា ក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម ដើម្បីធ្វើការប្រមូលព័ត៌មាន និងពិនិត្យលើបទល្មើសដូច មានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
២-ឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន បានចូលមកបំភ្លឺតាមការកោះហៅ និងបានផ្តល់ចម្លើយសារភាពទទួល ស្គាល់នូវអង្គហេតុដូចខាងក្រោម៖
សារភាពសុំទោស និងសំដែងការសោកស្តាយចំពោះមុខតំណាងអយ្យការ ដែលខ្លួនបានប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងបានប្រមាថក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខ្លួន កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទទួលស្គាល់ថាការផ្សព្វផ្សាយ និងការអត្ថាធិប្បាយរបស់ខ្លួន គឺមិនបានប្រមូលព័ត៌មានឱ្យបាន គ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសមិនបានសាកសួរព័ត៌មានពាក់ព័ន្ធសំណុំរឿង ខាងលើពីអ្នកនាំពាក្យរបស់ស្ថាប័នតុលាការ ដែលបណ្តាលឱ្យការផ្សព្វផ្សាយ និងការអត្ថាធិប្បាយ របស់ខ្លួនមានភាពលម្អៀងនិងបង្កើតឱ្យមានការភាន់ច្រឡំលើចំណាត់ការដ៏ត្រឹមត្រូវរបស់តុលាការ ហើយឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន សូមទទួលខុសត្រូវចំពោះកំហុសនេះ។

ស្នើសុំការអធ្យាស្រ័យ អត់ឱន និងសម្រាលចំពោះកំហុសលើកដំបូងរបស់ខ្លួននេះ និងស្នើសុំធ្វើ ការកែតម្រូវព័ត៌មាន រួមទាំងសុំទោសជាសាធារណៈចំពោះស្ថាប័នតុលាការ។

៣-ក្រោយបញ្ចប់ការស្តាប់ចម្លើយ តំណាងអយ្យការបានអនុញ្ញាតឱ្យឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ត្រលប់ ទៅផ្ទះវិញជាធម្មតា។ ជាមួយគ្នានេះផងដែរ តាមចម្លើយសារភាពទទួលស្គាល់កំហុសរបស់ឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន និងភស្តុតាងផ្សេងទៀត តំណាងអយ្យការពិនិត្យឃើញថាមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែដើម្បីធានាភាពសុក្រឹត្យក្នុងដំណើរការនីតិវិធីបន្ត អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងធ្វើលិខិតស្នើសុំ ក្រសួងយុត្តិធម៌ ដើម្បីធ្វើការផ្ទេរសមត្ថកិច្ចលើសំណុំរឿងនេះដោយអនុលោមតាមច្បាប់ជាធរមាន។ សំណើសុំផ្ទេរ សមត្ថកិច្ចនេះមិនមែនជាករណីថ្មីនោះទេ ប៉ុន្តែវាជាការអនុវត្តដែលបានធ្វើកន្លងមករួចហើយក្នុងករណីដែលដំណើរ ការក្តីក្នុងតុលាការណាមួយមិនអាចធានាបាននូវការជឿទុកចិត្តលើតម្លាភាព និងភាពមិនលម្អៀងក្នុងចំណាត់ការ សំណុំរឿង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ហើយក៏សូមអំពាវនាវ ដល់អ្នកសារព័ត៌មានទាំងអស់ សូមប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយសូម អនុវត្តសកម្មភាពរបស់ខ្លួនក្នុងក្របខណ្ឌច្បាប់ដោយមិនត្រូវបំពានសិទ្ធិ សេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ អ្នកដទៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×