វីដេអូឃ្លីបមួយដែលបង្ហាញស្រ្តីវ័យកណ្តាលម្នាក់ បានប្រើជើងធាក់ធុងសម្រាមធំមួយ ប៉ើងខ្ទាតចូលកណ្តាលផ្លូវ រួចក៏ចូលរថយន្តទំនើបរបស់ខ្លួន ហើយបើកចាកចេញទៅ បានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។
មនុស្សជាច្រើនបានរិះគន់ថា នេះជាទង្វើដ៏អាក្រក់មួយ ដែលស្រ្តីរូបនេះស្លៀកពាក់ដ៏ថ្លៃថ្នូរ ជិះសុទ្ធតែរថយន្តទំនើប Mercedes តែចរិកគួរឲ្យស្អប់។ ប៉ុន្តែ ចុងក្រោយទើបដឹងថា នេះជាមេរៀនមួយសម្រាប់មនុស្សទុកដាក់ធុងសំរាម គ្មានគិតពីមុខផ្ទះរបស់គេ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានដឹងថា កើតឡើងនៅទីក្រុង Nha Trang ប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន Tuoi Tre បានចុះផ្សាយឲ្យដឹងថា ក្រោយហេតុការណ៍នេះកើតឡើង លោកស្រី Vo Thi Thanh Minh ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Tan Tien ទីក្រុង Nha Trang បានបញ្ជាក់ថា លោកស្រីបានបញ្ជូនមន្ត្រីទៅពិនិត្យករណីខាងលើនេះហើយ ដែលបានកើតឡើងនៅមុខផ្ទះលេខ៧១ ផ្លូវបាក់ដូង។
បន្ទាប់មក ក៏បានរកឃើញថា ស្ត្រីដែលបានធ្វើសកម្មភាពខាងលើនេះមានឈ្មោះ VTMN ជាម្ចាស់ការិយាល័យសារការីធំមួយ ក្នុងទីក្រុង Nha Trang។
អ្នកស្រី N បាននិយាយថា ភោជនីយដ្ឋាននៅមុខផ្ទះរបស់គាត់ តែងតែទុកសំរាមនៅទីនោះ។ អ្នកស្រី N ធ្លាប់បានរាយការណ៍ទៅសង្កាត់ Tan Tien ជាច្រើនដង អំពីភោជនីយដ្ឋានដាក់ធុងសំរាមមិនត្រឹមត្រូវ ប៉ុន្តែមិនត្រូវបានដោះស្រាយទេ។ ដោយសារខឹងចិត្តខ្លាំងពេក អ្នកស្រី N ក៏បានសម្រេចចិត្តចាត់វិធានការបែបនេះតែម្តង។
ក្រោយពីពិនិត្យរួច អាជ្ញាធរបាននិយាយថា បុគ្គលិកបរិស្ថានម្នាក់បានដាក់ធុងសំរាម តាមអំពើចិត្ត ទល់មុខផ្ទះរបស់អ្នកស្រី N នៅមុនពេលថតវីដេអូ។
ទាក់ទិននឹងបុគ្គលិកបរិស្ថានដែលដាក់ធុងសម្រាមមិនត្រឹមត្រូវបែបនេះ ប្រធានក្រុមហ៊ុនភាគហ៊ុនបរិស្ថានក្រុង Nha Trang បានបញ្ជាក់ថា បានដឹងហេតុការណ៍នេះ ហើយកំពុងពិនិត្យថា តើធុងសំរាមស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកស្រុក ឬក្រុមហ៊ុន។ បើស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន នឹងត្រូវចាត់វិធានការតាមបទប្បញ្ញត្តិ៕