តើច្បាប់អាចអនុវត្តលើ ករណីមិនរាងចាល របស់ក្រុមហ៊ុន សម្រស់ធារ៉ា ដែលធ្លាប់បានចាប់ និងដកហូតផលិតផលអត់ច្បាប់ សាជាថ្មី លើទឹកដីខេត្តពោធិ៍សាត់ ដែរឬទេ ឥឡូវនេះ កំពុងតែធ្វើសកម្មភាពចែកចាយបទល្មើសរបស់ខ្លួនយ៉ាងគឃ្លើនចំពោះមុខច្បាប់? គេបានមើលឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះ នៅតែមិនញញើតចំពោះផ្លូវច្បាប់ ក្រុមហ៊ុនសម្រស់ធារ៉ា ជាប់ចំណាត់ថ្នាក់លេខ១ ខាងផលិត និងចែកចាយផលិតផលគ្មានច្បាប់អនុញ្ញាត ហើយពួកគេធ្វើសកម្មភាព លក់ ចែកចាយពេញប្រទេស យ៉ាងសប្បាយរីករាយ ដូចប្រទេសកម្ពុជាហ្នឹង គ្មានច្បាប់ទម្លាប់យ៉ាងដូច្នោះ, បានជាថាដូច្នេះ ព្រោះបទល្មើសរបស់ ក្រុមហ៊ុនសម្រាប់ធារ៉ា ធ្លាប់បានសមត្ថកិច្ចចម្រុះ ចុះចាប់ បង្ក្រាប នៅខេត្តស្វាយរៀងកាលពីចុងឆ្នាំ២០២៣ និងថ្មីៗនេះទៀត សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចុះបង្ក្រាបឆែកឆេរឃ្លាំងស្តុករបស់ក្រុមហ៊ុននេះ ឃើញសុទ្ធតែផលិតផលមិនមានច្បាប់អនុញ្ញាត មិនមានប្រភពរោងចក្រច្បាស់លាស់។
ក្រុមហ៊ុនសម្រស់ធារ៉ា កូរលាយកូរលាយ ជាផលិតផលឡេ ម្សៅ លាបមុខលាបខ្លួន ជាមួយម៉ាស៊ីនកិនទឹកក្រឡុក លក់ចែកចាយផលិតផលគ្មានច្បាប់អនុញ្ញាតនេះពេញប្រទេសយ៉ាងរំភើយ ខ្លាំងជាងផលិតផលដែលមានអ្នកជំនាញឯកទេសត្រឹមត្រូវទៅទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ផលិតផលសម្រស់ធារ៉ាននេះ បានជះផលអាក្រក់របស់ខ្លួនទៅដល់អ្នកប្រើប្រាស់ជាច្រើននាក់រួចមកហើយ ធ្វើឱ្យរោលមុខ រោលស្បែក រលាកមុខ រលាកស្បែកឡើងក្រហម ឡើងកន្ទាលត្រអាក រមាស់ ឡើងពណ៌សម្បុរកន្ទាលស្បែកដូចចេញភ្លឺ, ប៉ុណ្ណឹងហើយ ខាងសមត្ថកិច្ច (មន្ត្រីធំៗ) អត់ពិនិត្យមើល ចាត់វិធានការតាមច្បាប់សោះ ដូចជាត្រូវថ្នាំសណ្តំ ឬយ៉ាងម៉េចមិនដឹងទេនៀក៎។
ប៉ុន្តែករណីនេះដែរ យ៉ាងណាក៏ដោយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសមត្ថកិច្ច និងមន្ត្រីជំនាញសុខាភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យទីតាំងស្តុកផលិតផលមួយចំនួនរបស់ ក្រុមហ៊ុនសម្រស់ធារ៉ា ដោយផលិតផលទាំងអស់នោះ សុទ្ធសឹងតែជាផលិតផល ដែលផលិត និងវេចខ្ចប់ដោយគ្មានច្បាប់អនុញ្ញាត ពោលគឺគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងគ្មានលិខិតបទដ្ឋានគតិយុត្ត ហើយកន្លងមក ខាងកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ ធ្លាប់ចាប់បានអប់រំម្តងរួចមកហើយ ប៉ុន្តែលើកនេះ នៅតែប្រព្រឹត្តល្មើសដដែលជាដដែល។
នៅខាងខេត្តស្វាយរៀងឯណោះ ក្រុមហ៊ុនសម្រស់ធារ៉ា នេះ គឺបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសមត្ថកិច្ច និងព្រះរាជអាជ្ញា បានចុះឆែកឆេរ រកឃើញថា ក្រុមហ៊ុនសម្រស់ធារ៉ា នេះបានធ្វើការផលិតដោយដៃ ប្រើប្រាស់ម៉ាស៊ីនកិនទឹកក្រឡុក ប្រើប្រាស់នូវសារធាតុគីមីផ្សេងៗតាមអំពើចិត្ត ដែលក្រុមហ៊ុនសម្រស់ធារ៉ានេះមិនបានឆ្លងកាត់ក្រសួងពាក់ព័ន្ធណាទាំងអស់ ហើយធ្វើការវេចខ្ចប់ បិទស្លាកយីហោរបស់ខ្លួន លក់ចែកចាយលើទីផ្សារយ៉ាងសប្បាយតែម្ដង មិនញញើតច្បាប់នោះទេ គឺប្រព្រឹត្តល្មើសដដែលជាដដែល។
ករណីក្រុមហ៊ុនសម្រស់ធារ៉ា ប្រព្រឹត្តល្មើសដដែលជាដដែលនេះដែរ គឺនៅខេត្តពោធិ៍សាត់ បានប្រព្រឹត្តល្មើសជាថ្មីទៀតនេះ គឺជាករណីមិនរាងចាល ហើយការផលិត និងចែកចាយផលិតផលនៅលើទីផ្សារសព្វថ្ងៃនេះ គឺជាផលិតផលដែលមិនមានប្រភពរោងចក្រផលិតច្បាស់លាស់ និងបានជះឥទ្ធិពលអាក្រក់ចំពោះអ្នកប្រើប្រាស់មិនតិចនាក់នោះទេ ដូចជា ធ្វើឱ្យរោលមុខ រោលស្បែក រលាកមុខ រលាកស្បែកឡើងក្រហម ឡើងកន្ទាលត្រអាក រមាស់ ឡើងពណ៌សម្បុរកន្ទាលលើស្បែកដូចចេញភ្លឺ។ ហេតុដូច្នេះ សូមបងប្អូនអាជីវករលក់គ្រឿងសំអាងទាំងអស់ ល្មមនឹងបញ្ឈប់លក់ចែកចាយទៀតហើយ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ព្រោះផលិតផលរបស់សម្រស់ធារ៉ាទាំងនេះ មិនមានប្រភពផលិតពីរោងចក្រច្បាស់លាស់នោះទេ, បើតាមអ្នកដឹងរឿងល្បិចកិច្ចកលរបស់ក្រុមហ៊ុនសម្រស់ធារ៉ានេះ បានបង្ហើបឱ្យដឹងថា ដំបូងៗ ក្រុមហ៊ុននេះបាននាំចូលផលិតផលហ្ស៊ីន (ផលិតផលដើម) មកពីប្រទេសជិតខាងមែន ប៉ុន្តែពេលលក់ផលិតផលនោះអស់ ក៏ចាប់ផ្ដើមធ្វើខ្លួនឯង កូរលាយ ឡេ ម្សៅ ដោយប្រើម៉ាស៊ីនកិនទឹកក្រឡុក និងបោះពុម្ពប្រអប់ ស្លាកយីហោ ខ្លួនឯងតែម្ដង។
ពាក់ព័ន្ធនឹងផលិតផលក្រុមហ៊ុនសម្រស់ធារ៉ានេះដែរ កន្លងមក កាលសមត្ថកិច្ចចាប់មុនៗ និងពេលនេះ គឺសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ផលិតផលទាំងនេះ ពិតជាគ្មានច្បាប់ទម្លាប់, គ្មានបទដ្ឋាបច្ចេកទេសត្រឹមត្រូវមែន និងរកឃើញសារធាតុគីមី ៥យ៉ាង នៅក្នុងផលិតផល ដូចជា ÷
1-CHLORAMPHENICOL ,
2- TRANLACOL (ផ្សំឡើងពី DEXAMETHASON) ,
3- GENTRIDECME ,
4- CORTICO NON STIROITE ,
5- FLUCO-N ,
សារធាតុទាំងនេះ បំផ្លាញដល់សុខភាពស្បែក ធ្វើឱ្យខូចស្រទាប់កោសិកាក្នុងរយៈពេលវែង ៤ ទៅ ៥ឆ្នាំ ដូចជា ធ្វើឱ្យងាប់កោសិកាស្បែក រមាស់-រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹងទៀតផង, ដូច្នេះ ផលិតផលនេះ គួរឱ្យខ្លាចខ្លាំងណាស់ និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហើយថ្មីៗនេះ ការបញ្ចេញមតិ-យោបល់ របស់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលសម្រស់ធារ៉ា បង្ហាញពីការរមាស់មុខ , របកស្បែកមុខ , ស៊ីស្ដើងស្បែកមុខ , ចេញសរសៃរវាមលើផ្ទៃមុខ , ចេញអាចម៍រុយលើមុខ , រមាស់រោលក្រហម…
។ល។ និង ។ល។ នេះគឺជាការស្ដែងចេញឲ្យឃើញដូចនឹងអ្វី ដែលសមត្ថកិច្ចជំនាញគេបានត្រួតពិនិត្យរកឃើញ៕ ពិសិដ្ឋ CEN