ភ្នំពេញ ៖ អនុសាសន៍ណែនាំជាទិសដៅការងារទាំង៧ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ មានខ្លឹមសារដូចខាងក្រោម៖
១. បន្តអនុវត្តយន្តការពិគ្រោះយោបល់ជាមួយសហភាគី រួមមាន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ សម្តេចបវរធិបតី រៀងរាល់មួយឆ្នាំម្តង
២. សិក្សាវាយតម្លៃ និងធ្វើអាទិភាវូបនីយកម្មសម្រាប់ការលើកទឹកចិត្តវិនិយោគតាមវិស័យ និងទីតាំងភូមិសាស្រ្ត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
៣. រៀបចំយន្តការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP) ក្រោយទទួលបានវិញ្ញាបនបត្រជា គ.ល.គ.
៤. រៀបចំយន្តការប្រទាក់ក្រឡាធ្វើឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”
៥. អនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពលបម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធ
៦. ជំរុញការរៀបចំការផ្តល់ព័ត៌មានវិនិយោគសម្បូរបែប ចំគោលដៅ និងមានភាព ទាក់ទាញ ដើម្បីឱ្យវិនិយោគិន បណ្ដាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ទទួលបានបច្ចុប្បន្នភាពកាន់តែស៊ីជម្រៅ អំពីសក្តានុពលរបស់កម្ពុជា និងនីតិវិធីពាក់ព័ន្ធការស្នើសុំវិនិយោគ
៧. ពង្រឹងការលើកកម្ពស់ធនធានមនុស្សសម្រាប់ការផ្តល់សេវាជូនវិនិយោគិនប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។
នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំកិច្ចប្រជុំផ្លូវការលើកទី១ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនាព្រឹកនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម-លោកជំទាវអគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំង ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមទីប្រឹក្សា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។
របៀបវារៈនៃកិច្ចប្រជុំផ្លូវការលើកទី១នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ វឌ្ឍនភាពការងារ បញ្ហាប្រឈម និងកំណត់ទិសដៅការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន៖ (១)អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (២) គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា
(គ.ស.អ.ក.) និង (៣)គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាសេនាធិការ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគោរពសម្តែងនូវគារវកិច្ចស្វាគមន៍ចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញដឹកនាំកិច្ចប្រជុំលើក ដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគោរព រាយការណ៍ជូន សម្តេចបវរធិបតី អំពីស្ថានភាពទូទៅ និងការកែលម្អសោភ័ណភាពបរិវេណក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ជាពិសេសគឺការរៀបចំទីកន្លែងបំពេញការងារ សម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយ វិនិយោគិនប្រកបដោយទំនុកចិត្ត និងមានផាសុកភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគោរពជម្រាបជូន អំពីវឌ្ឍនភាពការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម និងការងារវិនិយោគ ជាពិសេសគឺកំណើនជាទី កត់សម្គាល់នៃការចុះបញ្ជីគម្រោងវិនិយោគនៅក្នុងឆ្នាំ២០២៤ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងពី បេសកកម្មគោះទ្វារ វិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ដើម្បីចូលរួមជំរុញការអនុវត្តយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យក បច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdeIPM) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពន្លឿននីតិវិធីផ្តល់សេវា និងបង្កើនទំនុកចិត្តដល់វិនិយោគិន។
សូមជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាស្ថាប័នប្រតិបត្តិដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្ម ដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។ ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លាន ដុល្លារអាមេរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%) ដែលអាចបង្កើតការងារសរុប ប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។ ដោយឡែក ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍ អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២ ១០០ លានដុល្លារអាម៉េរិក ក្នុងនោះ ៤០% ជាហិរញ្ញប្បទានឥតសំណង និង៦០% ជាឥណទានសម្បទាន។ គួរជាទីកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ ២២% និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ ២៥%។
នាឱកាសនោះ សម្តេចបវរធិបតី បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ក្រោមឱវាទក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបាន ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ឈានទៅសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរក្នុងការងារ សម្របសម្រួលកិច្ចវិនិយោគឯកជន និងកិច្ចសហប្រតិបត្តិការនានាជាមួយដៃគូអភិវឌ្ឍន៍ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ សម្តេចបវរធិបតី បានលើកឡើងអំពីកំណែទម្រង់គួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាល និងការបន្តយកចិត្តទុកដាក់លើវិស័យឯកជន ដែលជាតួអង្គសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅ កម្ពុជា។ ជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានលើកឡើងផងដែរអំពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ជាតួអង្គជួរមុខជួបផ្ទាល់ជាមួយវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាព និងភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ទៅកាន់ឆាកអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី ការប្រែប្រួល យ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក និងការប្រកួតប្រជែងនៅក្នុងតំបន់ ទាមទារឱ្យកម្ពុជាត្រូវត្រៀមលក្ខណៈឱ្យបានកាន់តែល្អប្រសើរ ដែលមានភាពឆ្លើយតប និងភាពធន់ខ្ពស់ ទៅនឹងការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី