Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមអភិបាលរង កើត ឆែ ៖ សន្តិភាពគឺមានអ្វីៗទាំងអស់ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន

ភ្នំពេញ ៖ យើងត្រូវចាំថា «មានសន្តិភាពគឺមានអ្វីៗទាំងអស់»សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ យើងមិនត្រូវឲ្យ៥០០ ឆ្នាំមុនវិលត្រឡប់មកវិញទេ។ នេះជាការលើកឡើងរបស់ឯកឧត្ដម កើត ឆែ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះនៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី២៤ធ្នូ២០២៤ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញធ្វើសន្តិសីទកាសែត ស្ដីពីការរៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍បាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងមានមហាជនចូលទស្សនាជាង៥ម៉ឺននាក់ នៅពហុកីឡាដ្ឋានមរតកតេជោ។ ព្រឹត្តិការណ៍នេះ អាចធ្វើទៅបានដោយសារប្រទេសជាតិរបស់យើងមានសន្តិភាព, បើគ្មានសន្តិភាពគឺមិនមានអ្វីទាំងអស់, កីឡារស់នៅក្នុងសន្តិភាព។ បើប្រទេសជាតិមួយធ្លាក់ចូលទៅក្នុងសង្គ្រាមគឺមិនអាចធ្វើអ្វីបានទេ កីឡាករទាំងអស់នឹងត្រូវទៅធ្វើសង្គ្រាមមិនខាន, យើងត្រូវចងចាំថា មានសន្តិភាពគឺមានអ្វីទាំងអស់ សន្តិភាពជាសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង់ ក្រោយពីបាត់អស់រយៈពេល៥០០ឆ្នាំ”។

ឯកឧត្ដមកើត ឆែ បានថ្លែងបន្តទៀតថា ពាក្យថាសន្តិភាព គឺងាយនិយាយ ប៉ុន្តែការរកសន្តិភាពពិតជាពិបាកណាស់។ សម្ដេចតេជោ ហ៊ុន សែនបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសជាតិទាំងមូល មិនទទួលបានសន្តិភាពពេញលេញនោះទេ។ សម្ដេចតេជោហ៊ុន សែន បានស្វែងរកសន្តិភាព អស់រយៈពេល១១ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច ទើបធ្វើអោយប្រទេសជាតិមានសន្តិភាពពេញលេញ។ គិតមកដល់ពេលនេះប្រទេសកម្ពុជាមានសន្តិភាពរយៈពេល២៦ឆ្នាំហើយ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ធ្នូ ជាទិវាសន្តិភាព ជារៀងរាល់ឆ្នាំ។ យើងប្ដេជ្ញារក្សាសន្តិភាពឲ្យបានគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ និងការពារសម្ដេចបវរធិបតីដែលជាស្ថាបនិក បន្តការរក្សាសន្តិភាពនៅកម្ពុជា។
ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

គួរបញ្ជាក់ថា៖ នាថ្ងៃទី១មករា២០២៤ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។
ក្នុងនោះដែរឯកឧត្ដមខៀវ ភារិទ្ធិ សមាជិកអចិន្ត្រៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានលើកឡើងថា៖ ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ដឹកនាំឯកឧត្ដមហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រីមួយចំនួនជាអនុប្រធាន ស.ស.យ.ក ទាំងអស់ រួមជាមួយកីឡាករជើងខ្លាំងមួយចំនួនទៀត និងប្រកួតជាមួយក្រុមកីឡាករបាត់ទាត់តារាកម្ពុជានៅគូទី២។ មូលហេតុជ្រើសរើសយកកីឡាបាល់ទាត់មកប្រកួតក្នុងពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដោយកីឡានេះមានអ្នកទស្សនាច្រើន។

លោកហេង នរះកក្ដដា តំណាងក្រុមកីឡាករតារាកម្ពុជា ក្នុងឱកាសនោះក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ខាងលើនេះ គឺកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយកីឡាករដែលត្រូវប្រកួត នៅក្នុងព្រឹត្តិការណ៍នេះ គឺមានចំនួន៤ក្រុម ស្មើនឹង២គូប្រកួត ដោយប្រើបច្ចេកទេសនៃការប្រគួតតាមស្តង់ដារ អន្តរជាតិគឺ៩០នាទី ចែកចេញជា២តង់។
ក្រុមបាល់ទាត់តារាកម្ពុជា ធ្លាប់បានបង្កើតនូវព្រឹត្តិការណ៍នៃការប្រកួតជាច្រើនលើករួចមកហើយ ដើម្បីរកថវិកាជួយទៅដល់ការងារសង្គម ពិសេសជួយដល់មន្ទីរពេទ្យ ហើយនៅក្នុងពេលនេះ ក្រុមបាល់ទាត់តារាកម្ពុជាមានកិត្តិយស បានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើនេះទៀត។

គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

×