Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ ៖ សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម​ គឺជាការលំបាកមួយ​ ប៉ុន្តែការថែរក្សាសន្តិភាព​ និងស្ថិរភាពសង្គមជាតិ​ គឺជាការលំបាកមួយកម្រិតទៀត​ ដែលត្រូវរក្សាឱ្យបាន

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ និងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ចំនួន​ ៣៣០គ្រួសារ​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានពាំនាំនូវការសួរសុខទុក្ខ​ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីជូនបងប្អូនអតីតយុទ្ធជនទាំងអស់​ ដែលមានគុណបំណាច់ក្នុងការចូលរួមខិតខំ​ លះបង់​ តស៊ូ​ រហូតបានកសាងសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថាសន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម​ គឺជាការលំបាកមួយ​ ប៉ុន្តែការថែរក្សាសន្តិភាព​ និងស្ថិរភាពសង្គមជាតិ​ គឺជាការលំបាកមួយកម្រិតទៀត​ ដែលត្រូវរក្សាឱ្យបាន​ ព្រមទាំងការគិតគូរអតីតយុទ្ធជន​ទាំងអស់ទូទាំងប្រទេស​ ឱ្យមានជីវភាពល្អប្រសេីរ​ មានផ្ទះរស់នៅ​សុខសាន្ត មានដីធ្លី​ និងអាចទទួលប្រាក់បំណាច់នានា​ ដែលជាការលេីកទឹកចិត្ត​ និងជាអំណោយនូវការតស៊ូ​របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ពាក់ព័ន្ធនឹងសំណេីរបស់អតីតយុទ្ធជន​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានទទួលយកនូវការស្នេីសុំគ្រូពេទ្យប្រចាំការ​ ២៤ម៉ោង​ និងមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺពេលមានអាសន្ន​ ដោយត្រូវត្រួតពិនិត្យលទ្ធភាព​ និងទីតាំងឱ្យបានច្បាស់លាស់​ និងសុីជម្រៅជាមុន​ ដេីម្បីដោះស្រាយសំណេីនេះចំគោលដៅ​ និងមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន​ ផ្ទះសម្រាប់រស់នៅ​ គ្រឿងបរិភោគ​ និងថវិកាសម្រាប់ប្រេីប្រាស់​ចំនួន​ ៣៣០គ្រួសារ​ និងបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់រស់នៅប្រកបដោយភាពសុខសាន្ត​ និងសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×