Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់អត្តសញ្ញាណជនដៃដល់បាញ់សម្លាប់លោក លឹម គឹមយ៉ា ហើយ ជាអតីតកងទ័ពជើងទឹកធ្លាប់ជាប់គុក២ដង ពេលនេះសមត្ថកិច្ចថៃកំពុងតាមប្រមាញ់

ក្រោយការ​តាម​ប្រមាញ់​ជា​បន្ទាន់ ​សម្រាប់ករណី​បាញ់​សម្លាប់លោក លឹម គឹមយ៉ា អាយុ ៧៤ ឆ្នាំ ជាអតីត​សមាជិក​សភា​បក្ស​ប្រឆាំង​កម្ពុជា, ជនសង្ស័យត្រូវបាន​កំណត់​អត្តសញ្ញាណ​បានហើយ ខណៈប៉ូលីសថៃបានលាត​ត្រដាងថា ធ្លាប់មាន​ប្រវត្តិ​ជាប់​គុក​២​ដង ​មុន​ពេល​ត្រូវ​គេ​រំសាយ​ចេញ​ពី​កងទ័ព​ជើង​ទឹក។

ឧត្តមសេនីយ៍ឯក Siam Boonsom ស្នងការប៉ូលិសក្រុង បាននិយាយថា បន្ទាប់ពីមន្ត្រីជំនាញបានប្រមូលភ័ស្តុតាង និងកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ ពួកគេបានស្នើសុំដីកាពីតុលាការ។ ហើយបច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​ចាប់​ជន​ដៃដល់​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។ តាមការស៊ើបអង្កេតដំបូង ជនសង្ស័យនេះគឺជាឃាតករស៊ីឈ្នួល ដែលពិតជាកំណត់មុខសញ្ញាបាន។

តែបើទោះជាក្នុង​ដំណាក់កាល​នេះ មន្ត្រី​បាន​ទទួល​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍យ៉ាងណាក៏ដោយ ប៉ុន្តែ​ពួកគេ​នឹង​មិន​ទាន់បង្ហាញ​ថា​ជា​នរណា​នៅឡើយ​ទេ​។ មន្ត្រី​ក៏បាន​ដាក់ការសង្ស័យ​ជាច្រើន ​ជុំវិញករណីអំពើឃាតកម្មដ៏សាហាវនេះ រហូត​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ​ទើប​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ហើយ​ត្រូវ​ពង្រីក​ការស៊ើបអង្កេត​ស្វែងរក​ជនដៃដល់​ពីក្រោយ។

យោងតាមការស៊ើបអង្កេតបឋម ជនរងគ្រោះបានធ្វើដំណើរពីខេត្តសៀមរាប ប្រទេសកម្ពុជា តាមរថយន្តក្រុង ជាមួយប្រពន្ធជាជនជាតិបារាំង និងសាច់ញាតិខ្មែរ មុនពេលកើតហេតុ។ ប្រពន្ធជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ប៉ុន្តែព័ត៌មានមិនអាចបញ្ចេញបានទេ ដោយសារបារម្ភថា ជនសង្ស័យនឹងដឹងអំពីសកម្មភាពរបស់មន្ត្រី ទើបធ្វើឱ្យពិបាកក្នុងការតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់នៅពេលនេះបាន។

តាម​ការ​ស្រាវជ្រាវបាន​រក​ឃើញ​ថា ​ជនសង្ស័យ​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ។ ហេតុនេះ​ ដើម្បី​សុវត្ថិភាព​មន្ត្រី លោកស្នងការ Siam Boonsom ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ដែល​បំពេញ​ភារកិច្ច​ក្នុង​ការតាមប្រម៉ាញ់ ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ ​ក្នុង​ដំណើរ​ការ​ចាប់​ខ្លួន ​ព្រោះ​ជន​ល្មើស​មាន​ប្រដាប់​អាវុធ ​អាច​ទប់ទល់​បាន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃ បានឲ្យដឹងថា ជនសង្ស័យជិះម៉ូតូម៉ាកហុងដាវ៉េវ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ៨៤៥ ពាក់មួកសុវត្ថិភាព និងត្រូវបានជឿថាលាក់អាវុធនៅក្នុងកាបូប។ ជន​ដៃដល់​បាន​ជិះម៉ូតូរត់​គេច​ខ្លួន បន្ទាប់ពីបានបាញ់សម្លាប់លោក លឹម គឹមយ៉ា កាលពីវេលា​ម៉ោង ៤ រសៀល នៅ​ថ្ងៃ​ទី​៧ ខែ​មករា នៅ​ជិត​ប្រាសាទ​ព្រះ​បរម​និវេទ​វិហារ ក្នុង​ស្រុក Phra Nakhon។

វេជ្ជបណ្ឌិតផ្នែកកោសល្យវិច្ច័យនៅមន្ទីរពេទ្យ Vajira បានបញ្ជាក់ថា លទ្ធផលបង្ហាញឱ្យឃើញពីស្នាមរបួសដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ចំខ្នងខាងស្តាំ។ មូលហេតុ​នៃ​ការ​ស្លាប់​ គឺ​ដាច់​សរសៃឈាម​បេះដូង​ដោយសារ​គ្រាប់កាំភ្លើង ហើយ​មូលហេតុ​បន្ថែម​ទៀត​ គឺ​ដាច់​ថ្លើម​ដោយសារ​គ្រាប់កាំភ្លើង​។

ប៉ូលីសថៃក៏បានបញ្ចេញរូបថត និងបង្ហាញឲ្យដឹងពីប្រវត្តិជនសង្ស័យថា ជនរូបនេះ ធ្លាប់បម្រើការនៅក្នុងកងទ័ពជើងទឹក និងធ្លាប់ប្រព្រឹត្តបទល្មើស ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ដង គឺនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ បន្ទាប់មកនៅឆ្នាំ២០២៣។ ជនសង្ស័យរូបនេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កំហុស​ដោយសារ​អវត្តមាន​ពី​កាតព្វកិច្ច ដូច្នេះ​កងទ័ព​ជើង​ទឹក​បាន​ពិចារណា​បណ្ដេញ​គាត់​ចេញ​ពី​កាតព្វកិច្ច៕

×