ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង ដឹកនាំដោយធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និងជំរុញសកម្មភាពនៃការវិនិយោគបៃតង។ កិច្ចប្រជុំពិភាក្សានេះមានវត្តមានចូលរួមពី ទេសាភិបាលរង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងមកពី ១២ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
កិច្ចប្រជុំក្រុមការងារអន្តរក្រសួងនេះ មានគោលបំណងចែករំលែក បច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត ផែនការសកម្មភាព និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ប្រមូលធាតុចូលបន្ថែម លើការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា លើប្រព័ន្ធវដ្តករសាស្រ្តស្តីពីហិរញ្ញវត្ថុបៃតងនៅកម្ពុជា និងលើដំណើរការរៀបចំមុខងារនិងភារកិច្ចរបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង និងពិភាក្សាអំពីការកំណត់ការងារអាទិភាព និងទិសដៅការងារដែលត្រូវអនុវត្តបន្តនាពេលអនាគត។
បន្ថែមពីនេះ យន្តការអន្តរក្រសួងនេះក៏ផ្តល់ឱកាសឱ្យសមាជិកនីមួយៗអាចចែករំលែកព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធក្នុងការងារទប់ទល់ការបែ្រប្រួលអាកាសធាតុ ដែលជាគោលដៅសកល ក៏ដូចជាគោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវបណ្ឌិត បានថ្លែងថា “នេះជាកិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្តរក្រសួងដើម្បីពិគ្រោះយោបល់លើការងារហិរញ្ញវត្ថុបៃតង។ កម្ពុជាត្រូវការហិរញ្ញវត្ថុចំនួន៨ប៊ីលានដុល្លាអាមេរិក ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ចបៃតង។ នេះជាទំហំថវិការមួយធំដែលទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសប្បុរសជននានា។ ដូច្នេះការនេះទាមទារឲ្យកម្ពុជាមាន ចក្ខុវិស័យ និងយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីគៀងគរហិរញ្ញវត្ថុចាំបាច់”។
គួររំលេចថា ធនាគារជាតិនៃកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជំរុញការកៀរគរប្រភពទុន សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានកម្រិតកាបូនទាប។ រក្សាសិទ្ធដោយ៖សុទ្ធលី