ករណីជនដៃដល់ជាអតីតទាហានជើងទឹក ដែលបានបាញ់សម្លាប់លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជា នៅលើកំណាត់ផ្លូវកណ្តាល ចំណុចរង្វង់មូលទី១៣ នៃផ្សារទំនើប Bang Lamphu ទល់មុខវត្ត Bowonniwet Vihara ស្រុក Phra Nakhon ទីក្រុងបាងកក កាលពីល្ងាចម្សិលមិញ សមត្ថកិច្ចថៃនៅតែកំពុងយកចិត្តទុកដាក់ ក្នុងការតាមប្រមាញ់។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺវឌ្ឍនភាពចុងក្រោយនៃករណីនេះ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ឯក Siam Boonsom អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ប៉ូលីសបានស្វែងរកឃើញម៉ូតូម៉ាក Honda Wave ពណ៌ស្លាទុំ ពាក់ស្លាកលេខ 1KCH 845 Samut Prakan ដែលជារបស់ជនសង្ស័យ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឲ្យដឹងថា ជនដៃដល់បានបោះបង់ម៉ូតូចោលនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើផ្លូវហាយវេ ក្នុងសង្កាត់ សួនហ្លួង ទីក្រុងបាងកក រួចក៏បានឡើងរថយន្តដែលគេជឿថា ជាបក្សពួកបានមកទទួលយកទៅខេត្តស្រះកែវ នៅព្រំដែនកម្ពុជា-ថៃ៕