Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ស្វាគមន៍ចំពោះអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល​ និងវារីវប្បកម្ម

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត​ Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិ (FAO)​ និងសហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ (FAO) ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល​ និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។​

នាឱកាសជំនួបសម្ដែងការគួរសមនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ​ និងអ្នកប្រើប្រាស់​ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ ដែលជាជំនួយការបច្ចេកទេស​របស់ប្រជាកសិករ​ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប​ ដែលអាចជួយប្រជាកសិករ​កាត់បន្ថយថ្លៃដើមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ​ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងអនុវិស័យជលផល​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្ម​ដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិ​ឱ្យបានគង់វង្សយូរអង្វែង​ និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន​»។ ទោះជាយ៉ាងណាក៏ដោយ​ ការធ្វើវារីវប្បកម្មនេះទាមទារការអភិវឌ្ឍ​ការចិញ្ចឹមត្រី​មានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណី​ដែលមានគុណភាព និងការវិនិយោគលើការបង្កាត់-ភ្ញាស់កូនត្រី ដែលភាគីអង្គការអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ​ និងសហការក្នុងការងារនេះ។

ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រី លោកបណ្ឌិត Manuel Barange បានបង្ហាញគោលចំហរ​របស់ខ្លួនក្នុងការគាំទ្រប្រទេសកម្ពុជា​ បើសិនជាកម្ពុជាត្រូវការជំនួយបច្ចេកទេស​ពាក់ព័ន្ធនឹងការងារវារីវប្បកម្ម​ ការផលិតចំណី​ និងការបង្កាត់-ភ្ញាស់កូនត្រី​ ព្រមទាំងពិនិត្យពិចារណាក្នុងការពង្រីកការគាំទ្រចំពោះវិស័យកសិកម្ម​កម្ពុជា និងក្រសួងកសិកម្ម​ផ្ទាល់ លើអ្វីដែលបានសម្រេចជាមួយគ្នាកន្លងមក​ និងបន្ថែមនូវការគាំទ្រលើការអភិរក្សធនធានធម្មជាតិបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×