ភ្នំពេញ ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦៖២៥នាទីព្រឹក មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះនៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំណត់បានទីតាំងផ្ទះរបស់ក្រុមជនសង្ស័យខាងលើ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ប៉ុន្តែក្រុមជនសង្ស័យមិនមានខ្លួននៅទីនោះឡើយ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរួមមាន ម៉ូតូម៉ាកហុងឌ្រីម (របស់ជនរងគ្រោះ), ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្ត&ម៉ូតូ ជាច្រើនសន្លឹក, អាវុធវែកម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន)។ កម្លាំងជំនាញបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើស៕ រក្សាសិទ្ធដោយ៖សុទ្ធលី