Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់ ត្រូវតំណាងអយ្យការចោទប្រកាន់៤បទល្មើស

កណ្ដាល៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួនលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្រោយបញ្ជូនទៅដល់សាលាដំបូងខេត្តកណ្ដាល លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបញ្ចប់ការសួរនាំ ដោយសម្រេចចោទប្រកាន់ចំនួន៤បទល្មើស រួមមាន៖ ១) ស៉ីសំណូក, ២) រំលោភអំណាច, ៣) ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និង៤) សូកប៉ាន់។

សូមរំលឹកថាអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករាកន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើសស៉ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) បញ្ជូនទៅទៅអង្គភាពប្រឆាំងអំពើពុករលួយ។

ដោយឡែក ម្នាក់ទៀតអនុសេនីយ៍ទោ លុយ សារ៉ុម ហៅ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ មិនពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញដើម្បីអនុវត្តវិន័យទណ្ឌកម្ម។

ដើមចមដែលនាំឲ្យមានការឃាត់ខ្លួននេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះថា នៅអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេតករណីឃាតកម្ម នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់ ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរគ្រឿងញៀនដោយខុសច្បាប់។

មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម, អាវុធវែងកែច្នៃចំនួន១ដើម អាវុធខ្លី ចំនួន១ដើម, កាំភ្លើងបាញ់សត្វចំនួន១ដើម, សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជនសង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។ ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំពីនាយឧត្ដមសេនីយ៍ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប។

នាយអាវុធហត្ថខេត្តតាកែវ ទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×