Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ និងUNOPS ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក

ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី និងហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) តំណាងដោយលោកស្រី អ៊ីដា ក្រាចា (Mrs. Eda Kraja) នាយកគ្រប់គ្រង់ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) ប្រចាំប្រទេសកម្ពុជា និងឡាវ។ កម្មវិធីនេះប្រព្រឹត្តឡើងនាទីស្តីការក្រសួង រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥​ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និង UNOPS ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធច្រើនរូប។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ធ្វើឡើងក្នុងគោលបំណងផ្តល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងកិច្ចសហការមិនផ្តាច់មុខ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) លើវិស័យដែលផ្តល់ប្រយោជន៍រួម។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំទទួលបន្ទុក ថ្នាក់ដឹកនាំអគ្គនាយកជំនាញ ក្រុមការងារ UNOPS និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងការជួបពិភាក្សា កំណត់អាទិភាពនៃកិច្ចសហប្រតិបត្តិការ និងរៀបចំការងារពាក់ព័ន្ធកន្លងមក ដើម្បីសម្រេចបាននូវ MoU ដ៏មានសាៈសំខាន់មួយនេះ ដែលនឹងបើកផ្លូវឱ្យភាគីទាំងពីរ ជាពិសេសអគ្គនាយកដ្ឋានជំនាញ អាចពង្រឹង និងពង្រីកកិច្ចសហការថ្មីបន្ថែមទៀតនាពេលអនាគត។

តាមរយៈពិធីចុះហត្ថលេខានេះ UNOPS នឹងក្លាយជាដៃគូដ៏សំខាន់របស់យើងក្នុងការអនុវត្តកិច្ចសហការប្រតិបត្តិការរួមគ្នា ជាពិសេសនៅក្នុងរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន ១)ការគាំទ្រលើការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព និងភាពធន់ ដើម្បីអាធានាថាហេដ្ឋារចនាសម្ព័ន្ធរបស់យើងអាចទ្រទ្រង់នឹងបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងធានាសុវត្ថិភាពដល់មនុស្សជំនាន់ក្រោយ ២)ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពលើការដឹកជញ្ជូនដែលគាំទ្រដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការប្រកួតប្រជែងក្នុងទីផ្សារ និង ៣)ការកសាងសមត្ថភាពស្ថាប័ន ដោយរួមបញ្ចូលនូវការចែករំលែកចំណេះដឹង និងការគាំទ្របច្ចេកទេសតាមរយៈជំនួយបច្ចេកទេស (TA) ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×