រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ថា កំណើននៃការវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤១៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៦,៩ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២ម៉ឺនកន្លែង
ឯកឧត្តម ជា វុទ្ធី បានថ្លែងយ៉ាងដូច្នេះ កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសបានអញ្ជើញជាកិត្តិយស ថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.កស្ថិតនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអបអរសាទរចំពោះគណៈគ្រប់គ្រងក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ លើផ្ទៃដីទំហំ២០៦ ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងអរគុណចំពោះក្រុមហ៊ុនដែលបានបណ្តាក់ទុនវិនិយោគ រហូតដល់ទៅប្រមាណជាង៥០លានដុល្លារអាម៉េរិក ដើម្បីធ្វើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សំដៅចូលរួមចំណែកទាក់ទាញការវិនិយោគមកកម្ពុជា ក៏ដូចចូលរួមបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
ថ្លែងក្នុងឱកាសនៃពិធីសម្ពោធនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលខេត្តនេះ ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងពីកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងអំឡុងដើមឆ្នាំ២០០៦ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលរហូតមកទល់បច្ចុប្បន្ន កម្មវិធីនេះបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា, លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកល, បង្កើនផលិតភាព, និងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ព្រមទាំងបានចូលរួមប្រែក្លាយឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសរំលេចពីកំណើននៃការវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤១៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៦,៩ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងទាំង ៤១៤នេះ គឺមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ វិស័យឧស្សាហកម្មនៅតែជាវិស័យឈានមុខដែលបានស្រូបទាញការវិនិយោគច្រើន ដែលក្នុងឆ្នាំ២០២៤នេះ វិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។
រំហូរវិនិយោគចូលមកកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានកំណើនដ៏ខ្លាំងក្លានេះ គឺជាសក្ខីកម្មនៃការដឹកនាំដ៏ខ្ពង់ខ្ពស់លើគន្លងមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយភាពបុរេសកម្ម ភាពបត់បែន និងមាននវានុវត្តន៍ខ្ពស់ ស្របទៅនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និងសកល។
ឯកឧត្តមបានមានសុទិដ្ឋិនិយមខ្ពស់ថា រំហូរវិនិយោគចូលមកកម្ពុជានឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការ នៃការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី