Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងចំនួន ១១ នាក់មានរហ័ស្សនាម ក្រុម៩៨លូប្រាំ

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ១១ នាក់ និងបក្ខពួក ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ និង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិអោយផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ មាត្រា ៤១១ មាត្រា ៤៩០ មាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាប ថា៖ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ មានក្រុមក្មេងទំនើងរហ័សនាម ក្រុម៩៨ល្អប្រាំ ចំនួន ០៦ នាក់ បានធ្វើសកម្មភាពកាប់ ប្លន់ម៉ូតូម៉ាកស៊ុយហ្ស៊ីយគឺនិចក្រួស ពាក់ផ្លាកលេខ ភ្នំពេញ ១KJ-៣២៥៨ ចំនួន ០១ គ្រឿង និងកាប់យកផ្លាកលេខម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ប្រព្រឹត្តក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ លុះនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ក្រុមក្មេងទំនើងរហ័សនាម ក្រុម៩៨ល្អប្រាំ មានគ្នាចំនួន ០៨ នាក់ បានធ្វើសកម្មភាពវាយប្រតាយប្រតប់ កាប់ និងគប់គ្នា ទៅវិញទៅមកជាមួយក្រុមក្មេងទំនើងមួយក្រុមទៀតមានគ្នាចំនួន ០៦ នាក់ ប្រើប្រាស់មួកសុវត្ថិភាព ខ្សែក្រវាត់ កំណាត់ ដែកថ្នាំងអំពៅ ដុំថ្ម កាំបិតផ្គាក់ និងដាវកែច្នៃ បណ្តាលឲ្យមានអ្នករងរបួស និងកាប់លើម៉ូតូម៉ាកស៊ុយហ្ស៊ីយគឺនិចចំនួន ០២គ្រឿងបណ្តាលឲ្យខូចខាត ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតួតាល់ ផ្លូវឌួងងៀប កែងផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់បានចំនួន១១ នាក់ មាន ១.ឈ្មោះ ផល សំបូរ ២.ឈ្មោះ រឺ សុខហៃ ៣.ឈ្មោះ អ៊ាត បារាំង ៤.ឈ្មោះ សេង គឹមហុង ៥.ឈ្មោះ ង៉ែត សុបញ្ញា ៦.ឈ្មោះ រុន ដារាម ឬ រុន ដារៀម ហៅ ព ៧.ឈ្មោះ រស់ សុខនៅ ៨.ឈ្មោះ អេន វឌ្ឍនា ៩.ឈ្មោះ ផល ខុន ១០.ឈ្មោះ យឿន វណ្ណដេត និង១១.ឈ្មោះ សាន់ ចិន្តា ឬសាន់ ចិន្តា ហៅ បារាំង និងបានចាប់យកវត្ថុតាងរួមមាន៖ ដាវកែច្នៃដងរុំស្កុតខ្មៅចំនួន០៤ ដើម, កាំបិតផ្គាក់ ដងដែកវែងចំនួន០១ដើម កាំបិតប៉័ងតោចំនួន០១, កាំបិតដងរែកចំនួន០១, ជំពាមកៅស៊ូដងរែកចំនួន០១, ឧបករណ៍ សម្រាប់ដោះផ្អាកលេខម៉ូតូមួយចំនួន, សោម៉ូតូចំនួន០២, អត្តសញ្ញាណប័ណ្ណចំនួន០២ សន្លឹក កន្ទុយម៉ូតូ ពាក់ផ្លាកលេខ កណ្តាល ១AE-៧៧៥២ និងម៉ូតូម៉ាកស៊ុយហ្ស៊ីយគឺនិចក្រស ពាក់ផ្លាកលេខភ្នំពេញ ១KJ-៣២៥៨ ចំនួន ០១ គ្រឿង។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធ នឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ១១ នាក់ និងបក្ខពួក ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ និង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិអោយផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ មាត្រា ៤១១ មាត្រា ៤៩០ មាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×