ភ្នំពេញ៖ ជនជាតិសិង្ហបុរី ២រូប ធ្វើដំណើរក្នុងក្រុមក្បួនរថយន្ត ឆ្លងកាត់ប្រទេសម៉ាឡេសុី , ថៃ ,ចិន, ឡាវ និងកម្ពុជា បានបង្ហាញនូវក្ដីរំភើបសប្បាយរីករាយ ពេលមកដល់ទឹកដីកម្ពុជា ដោយបានឃើញការរីកចម្រើនខ្លាំង មានផ្លូវថ្នល់ស្អាត អគារខ្ពស់ៗ ជាពិសេសប្រជាជនមានភាពរួសរាយរាក់ទាក់។ នេះបើតាមការចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃសៅរ៍នេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា “ជនជាតិសឹង្ហបុរី ២ រូប ដែលបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនពីប្រទេសសឹង្ហបុរី មកកាន់ប្រទេសកម្ពុជាយើង ហើយលោកទាំង ២ រូប បានអរគុណ សម្តេចតេជោនិង សម្តេចធិបតី ព្រមទាំងគណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍន៏ប្រទេសបានលឿនយ៉ាងឆាប់រហ័ស ជាពិសេស ពួកគាត់បានសរសេីរថា ប្រទេសកម្ពុជា ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា មានផ្លូវថ្នល់ស្អាត អគារខ្ពស់ៗ ជាពិសេសប្រជាជនមានភាពរួសរាយរាក់ទាក់ ដោយសារកន្លងមកនេះ គាត់បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេសុី , ថៃ ,ចិន និង ឡាវ គឺ ពុំទទួលបានអារម្មណ៏សប្បាយរីករាយ និង ភាពកក់ក្តៅ ដូចនៅក្នុងប្រទេសកម្ពុជានោះទេ។
ក្នុងនោះគាត់បានបន្ថែមទៀតថា ប្រទេសកម្ពុជា មានសុខសន្តិភាព ហើយពួកគាត់បានសន្យាថា នឹងនាំមិត្តភក្តិ ព្រមទាំងក្រុមរថយន្ត ធ្វើដំណើរមកកាន់កម្ពុជា ម្តងទៀតនៅពេលឆាប់ៗនេះ “៕ រក្សាសិទ្ធដោយ៖សុទ្ធលី