ភ្នំពេញ ៖ បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០%។ ការថយចុះអាត្រាជំងឺគ្រុនឈាមនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០(ង៧០) ដែលបានសហការគ្នាបាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានល្អប្រសើរ។ នេះបើតាមការបញ្ជាក់អោយដឹងពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន២៥នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី១៤ ខែមករានេះ នៅសាលារាជធានីភ្នំពេញ ពោលគឺមុនពេលចាប់ផ្តើមយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នាល្ងាចថ្ងៃដដែលនេះ។
ឯកឧត្តមឃួង ស្រេង បានបន្តថា៖ នៅដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ បានកើតមូសជាច្រើន ដែលបានបង្កឲ្យមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង ស្របពេលអាជ្ញាធរមូលដ្ឋានខណ្ឌមួយចំនួនបាននិងកំពុងធ្វើសកម្មភាពបាញ់សម្លាប់មូសខ្លានេះជាបន្តបន្ទាប់ហើយដែរ។ យុទ្ធនាការនៅនេះយើងនឹងប្រើប្រាស់រថយន្តរបស់កងកម្លាំងកងពលតូចលេខ៧០(ង៧០) បាញ់សម្លាប់មូសខ្លា ជាទ្រង់ទ្រាយធំនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ពិសេសនៅតាមប្រឡាយទឹក។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីក្នុងឱកាសនោះ ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជាមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តតាមដានមើលពីសុខមាលភាពរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ថែមពីលើនេះ ឯកឧត្តមឃួង ស្រេង នូវបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម។ ចំណែកបងប្អូនប្រជាពលរដ្ឋវិញ សូមរាយការណ៍បន្ទាន់មកអាជ្ញាធរខណ្ឌពាក់ព័ន្ធ បើទីតាំងណាមួយមានហានិភ័យដោយសារមូសខ្លាឬជំងឺគ្រុនឈាម។
ដើម្បីជាការឆ្លើយតប ក៏ដូចជាការអរគុណចំពោះបងប្អូនបងកងពលតូចលេខ៧០(ង៧០) ឯកឧត្ដម ឃួង ស្រេង បាននាំយកនូវអំណោយរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនបងប្អូនកងពលតូចលេខ៧០(ង៧០)ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ទឹកបរិសុទ្ធ៣កេសនិងថវិកាចំនួន២០ម៉ឺនរៀល។
ឯកឧត្ដម ឃួង ស្រេងបញ្ជាក់ថា យុទ្ធនាការនេះចាប់ផ្ដើមអនុវត្តនៅល្ងាចនេះតែម្ដង ជាមួយនិងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះបង្ការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។
លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យដឹងថា៖ សម្រាប់ថ្ងៃបើកយុទ្ធនាការនេះ កម្លាំកងពលតូចលេខ៧០(ង៧០)សហការជាមួយអាជ្ញាធរខណ្ឌនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តើមធ្វើសកម្មភាពនៅក្នុងមូលដ្ឋានចំនួន៧ខណ្ឌមាន ខណ្ឌមានជ័យ, ខណ្ឌសែនសុខ, ខណ្ឌពោធិសែនជ័យ,ខណ្ឌឬស្សីកែវ,ខណ្ឌទួលគោក, ខណ្ឌបឹងកេងកងនិងខណ្ឌដូនពេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី