Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាពប្លែកទឹកទន្លេពណ៌ពីរផ្សេងគ្នា បង្កើតការចាប់អារម្មណ៍នៃការប្រសព្វខ្សែទឹកទន្លេមេគង្គ និងទន្លេសាប

ភ្នំពេញ ៖ អាជ្ញាធរទន្លេសាប បានឲ្យដឹងថា ខ្សែទឹកទន្លេទាំងពីរ ទន្លេមេគង្គ និងទន្លេសាប បានរំលេចចេញជាពីរពណ៌ផ្សេងគ្នា និងមិនរលាយចូលគ្នា ដែលបានបង្កើតជាផ្ទាំងទស្សនីយភាព ក៏ដូចជាទិដ្ឋភាពដ៏ប្លែក បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅរាជធានីភ្នំពេញ ។
បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ទឹកទន្លេ គឺមានធាតុផ្សំ និងមានសារធាតុរលាយខុសៗគ្នា ។ មូលហេតុ ដែលទឹកទន្លេមិនរលាយចូលគ្នានេះ គឺបណ្តាលមកពី : ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា, ដង់ស៊ីតេនៃទន្លេទាំងពីរខុសគ្នា, ទឹកទន្លេមានលំហូរបញ្ច្រាសទិសគ្នា និងល្បឿនលំហូរទឹកមានលក្ខណៈលឿន ឬយឺតជាងគ្នា ។

លំហូរទឹកពីទន្លេមេគង្គនៃផ្ទៃអាងខាងលើ ត្រូវបានបង្វែរយ៉ាងខ្លាំងដោយសារលក្ខខណ្ឌអាកាសធាតុ ដែលកើតឡើងក្នុងរយៈពេលរដូវខ្យល់មូសុងប្រាំង និងវស្សា ។ ជាទូទៅកម្រិតទឹកទន្លេមេគង្គ មានការប្រែប្រួលចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ដែលកម្រិតកម្ពស់ទឹកទាបកើតឡើងពីខែកុម្ភៈ ដល់ខែមីនា និងរដូវទឹកជំនន់កើតឡើងចាប់ពីខែមិថុនា ដល់ខែធ្នូ ប្រមាណ ៨៥-៩៥% នៃធារទឹកសរុបប្រចាំឆ្នាំ ។ ទឹកជំនន់ប្រចាំឆ្នាំតែងតែជន់លិចផ្ទៃដីធំនៃភាគខាងត្បូងប្រទេសកម្ពុជា និងវៀតណាម នៃផ្ទៃអាងខាងក្រោមបឹងទន្លេសាប និងចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាបនៅរាជធានីភ្នំពេញ ។

នៅរដូវវស្សា (ឧសភា-តុលា) បរិមាណទឹកទន្លេមេគង្គមានការកើនឡើងខ្លាំងដោយសារភ្លៀងធ្លាក់ និងទឹកកកររលាយពីតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ដែលបណ្ដាលឱ្យល្បឿនលំហូរទឹកលឿន និងខ្លាំង នាំយកកករមកតិច ទាំងសារធាតុសរីរាង្គ និងអសរីរាង្គ បើប្រៀបធៀបទៅនឹងទន្លេសាប ដែលធ្វើឱ្យទឹកទន្លេមេគង្គមានពណ៌ថ្លាជាង និងខៀវជាង ។ ស្របគ្នានេះដែរ លំហូរទឹកទន្លេសាប ហូរបញ្ច្រាសដោយសារកម្ពស់ទឹកទន្លេមេគង្គខ្ពស់ ដែលនាំមកនូវកករច្រើនពីតំបន់ទំនាបលិចទឹកចូលក្នុងទន្លេសាប បង្កអោយទឹកទន្លេសាបមានសភាពល្អក់ និងមានពណ៌ត្នោត ។ ភាពខុសគ្នានេះបង្កើតព្រំដែនធម្មជាតិដែលធ្វើឱ្យខ្សែទឹកទន្លេទាំងពីរមិនងាយរលាយជាមួយគ្នា។

ទន្លេសាប និងបឹងទន្លេសាប ដើរតួនាទីជានិយ័តករធម្មជាតិ នៃទឹកជំនន់របស់អាងទន្លេមេគង្គខាងក្រោម ដោយបន្ថយកម្រិតអតិបរមានៃទឹកជំនន់នៅដើមរដូវទឹកជំនន់ និងដោយបង្កើនការហូរនៅរដូវប្រាំង ។
នៅរដូវទឹកជំនន់ការហូរខ្លាំងនៃទឹកនៅក្នុងទន្លេមេគង្គ បណ្តាលអោយមានការហូរច្រាសទៅបឹងទន្លេសាប ធ្វើឱ្យទឹកនៅបឹងទន្លេសាបកើនយ៉ាងខ្លាំង និងជន់លិចព្រៃលិចទឹក ដែលនៅជុំវិញបឹងទន្លេសាប ។ នៅរដូវប្រាំងទឹកបឹងទន្លេសាប បានហូរចេញតាមរយៈទន្លេសាប រួចហូរចូលទៅទន្លេមេគង្គ និងបន្ថយការហូរទៅក្នុងទន្លេមេគង្គប្រមាណ ១៦% ។

សូមជម្រាបផងដែរថា៖ ទិដ្ឋភាពកើតឡើងនៅប្រទេសកម្ពុជា ក៏មានកើតឡើងនៅប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរ ដែលធ្វើអោយទឹកទន្លេមានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន ដូចជា៖

  • ទន្លេ Rio Negro និង Solimoes (ប្រទេសប្រស៊ីល)
  • ទន្លេ Thompson និង Fraser (ប្រទេសកាណាដា)
  • ទន្លេ Bhagirathi និង Alaknanda (ប្រទេសឥណ្ឌា)
  • ទន្លេ Danube និង Inn (ប្រទេសអាល្លឺម៉ង់)
  • ទន្លេ Rhone និង Arve (ប្រទេសស្វីស)
  • ទន្លេ Green និង Colorado (សហរដ្ឋអាមេរិក)៕ រក្សាសិទ្ធដោយ៖សុទ្ធលី
default
default
default
default
default
default
default
default
default
default
×