Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន» ដោយមានវត្តមានចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារសម្របសម្រួលរៀបចំកម្មវិធីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមុខងារសាធារណៈ ក្នុងការជួយសម្របសម្រួល និងផ្តល់កិច្ចសហការក្នុងការរៀបចំសិក្ខាសាលានេះ ដែលជាការផ្តល់ឱកាសដល់ក្រសួង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងអំពីការបំពេញការងារ ការគាំទ្រ និងការជំរុញអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងទទួលបានការតម្រង់ទិសបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

តាមរយៈរបាយការណ៍សង្ខេប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គសិក្ខាសាលាទាំងមូលថា ដោយឈរលើមូលដ្ឋាននៃការប្រមែប្រមូលចងក្រងឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ដើម្បីធ្វើការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងឡើងវិញ ក្រសួងបានបញ្ចប់ការកំណត់មុខងារគោលចំនួន៣ រួមមាន៖ ១) កិច្ចការទូទៅ និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគាំទ្រដល់ប្រតិបត្តិការ និង សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ២) ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទឹក និង ៣) ការអភិវឌ្ឍធនធានមនុស្ស សិក្សាស្រាវជ្រាវ និងពិសោធន៍ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ដោយឡែកក្រសួងក៏បានកំណត់មុខងាររងចំនួន១៧ ដែលបែងចែកជា២ គឺមុខងារគាំទ្រ ចំនួន៦ និងមុខងារបច្ចេកទេស ចំនួន១១។

ជាមួយនឹងវឌ្ឍនភាពនៃការងារពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា បច្ចុប្បន្ន ក្រសួងក៏កំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទាំងអស់ ដោយធ្វើការប្រមូល និង ចងក្រងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចដែលមានបច្ចុប្បន្ន និងការស្នើសុំកែសម្រួលថ្មី ដើម្បីពិនិត្យ និងវិភាគយ៉ាងលម្អិតចាប់ពីកម្រិតអគ្គនាយកដ្ឋាន រហូតដល់កម្រិតការិយាល័យជំនាញទាំងអស់ឡើងវិញ ដោយក្នុងនោះក្រសួងផ្តោតសំខាន់លើភារកិច្ចដែលជាន់គ្នា និងអនុវត្តពុំសូវមានប្រសិទ្ធភាព ដើម្បីធ្វើការលុប កែសម្រួល ផ្ទេរចេញ និងការបញ្ចូលបន្ថែមភារកិច្ចណាដែលចាំបាច់ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងស្ថាប័ន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បន្ថែមថា ក្រោយពីបញ្ចប់ការសម្អាត និងកែសម្រួលរចនាសម្ព័ន្ធ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» រួចរាល់ ក្រសួងនឹងពិនិត្យ សិក្សាលើការរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដើម្បីស្នើសុំការឆ្លងយោបល់ និងពិនិត្យជាមួយក្រសួងមុខងារសាធារណៈ និងបន្តនីតិវិធីជាបន្តបន្ទាប់។
សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×