Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូធុរកិច្ចកាណាប្រមាណ ៨០ក្រុមហ៊ុន មានបំណងស្វែងរកដៃគូ និងដាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ដេវីដ វឺប្យូសស្គី ជាភារធារី និងលោក ម៉ែន ប៊ុនឡេង ជាប្រតិភូពាណិជ្ជកម្ម នៃការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នាសណ្ឋាគារភ្នំពេញ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនិងពិភាក្សាលើកិច្ចសហការក្នុងការត្រៀមរៀបចំទទួលប្រតិភូធុរកិច្ចកាណាដា ដែលគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

អ្នកឧកញ៉ាអគ្គលេខាធិការបានសម្តែងការស្វាគមន៍ចំពោះលោកភារធារី និងលោកប្រតិភូពាណិជ្ជកម្ម និងបានជម្រាបជូនអំពីចក្ខុវិស័យ បេសកកម្ម និងសកម្មភាពសំខាន់ៗរបស់សមាគម ដែលជាដៃគូមួយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដើម្បីជាឧត្ដមប្រយោជន៍សង្គមជាតិ។ លើសពីនេះ អ្នកឧកញ៉ាអគ្គលេខាធិការក៏បានជម្រាបជូនអំពីបេសកកម្មជំរុញនិងទាក់ទាញវិនិយោគដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់បណ្ដាប្រទេសនានា ដែលប្រតិភូសមាគមបានចូលរួមនាពេលកន្លងមក ក្នុងនោះក៏មានទស្សនកិច្ចទៅកាន់ប្រទេសកាណាដាផងដែរ ដោយទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាជាវិជ្ជមាន។

លោកភារធារី បានវាយតម្លៃខ្ពស់នូវតួនាទីដ៏សំខាន់របស់សមាគម ដែលជាបណ្ដុំនៃធុរជន និងវិនិយោគិនមកពីពហុវិស័យ និងជាកម្លាំងចលករមួយរួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះ លោកភារធារី បានជម្រាបជូនអំពីគម្រោងដឹកនាំប្រតិភូធុរកិច្ចកាណាប្រមាណ ៨០ក្រុមហ៊ុន ដែលមានបំណងស្វែងរកដៃគូ និងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រ និងកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានា ដើម្បីផ្ដល់នូវឱកាសធុរកិច្ចដល់ធុរជននៃប្រទេសទាំងពីរធ្វើការតភ្ជាប់ទំនាក់ទំនងទៅវិញទៅមក។

យោងតាមលទ្ធផលនៃជំនួបនេះស្ថាប័នទាំងពីរបានបង្ហាញក្ដីរីករាយក្នុងការផ្ដល់កិច្ចសហការនិងការគាំទ្រលើការរៀបចំឱ្យមានព្រឹត្តិការណ៍ធុរកិច្ចជាមួយគ្នានិងរៀបចំជាក្រុមការងារសម្រាប់ជាយន្តការសម្របសម្រួលការងារនេះឱ្យបានជោគជ័យផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×