Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជទ្រព្យសរុបចំនួន ៥សែនដុល្លារអាម៉េរិកដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ត្រូវបានជូនដល់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមចំនួន៨

ភ្នំពេញ ៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រីគុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរៀបចំពិធីប្រគល់ព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមចំនួន៨ ដែលប្រព្រឹត្តទៅក្នុងក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសនេះមាន៖

១. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយឯកឧត្តម ហេង រតនា ទទួលបានព្រះរាជទ្រព្យចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក

២. សមាគមតន្ត្រីសំនៀងជនពិការ ដឹកនាំដោយលោកជំទាវ ញ៉ែម មរកត ទទួលបានព្រះរាជទ្រព្យ ២០ពាន់ដុល្លារសហរដ្ឋអាមេរិក

៣. មន្ទីរពេទ្យកុមារ គន្ធបុប្ផា ដឹកនាំដោយលោក ដេនីស ឡូរ៉ង់ ទទួលបានព្រះរាជទ្រព្យ ចំនួន២០០ពាន់ដុល្លារសហរដ្ឋអាមេរិក

៤. មន្ទីរពេទ្យ ហ្លួងម៉ែ ដឹកនាំដោយលោកសាស្ត្រាចារ្យ ថាយ ម៉េងគ្រី ទទួលបានព្រះរាជទ្រព្យ ចំនួន ១០០ពាន់ដុល្លារសហរដ្ឋអាមេរិក

៥. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ទទួលបានព្រះរាជទ្រព្យចំនួន៥០ពាន់ដុល្លារសហរដ្ឋអាមេរិក

៦. មន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម រាជធានីភ្នំពេញ ដឹកនាំដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាប សៀកឆាយ ទទួលបានព្រះរាជទ្រព្យចំនួន៣០ពាន់ដុល្លារសហរដ្ឋអាមេរិក

៧. មន្ទីរពេទ្យកុមារអង្គរសៀមរាប ដឹកនាំដោយលោកសាស្ត្រាចារ្យ ងួនច័ន្ទភក្ត្រា ទទួលបានព្រះរាជទ្រព្យចំនួន ២០ពាន់ដុល្លារសហរដ្ឋអាមេរិក

៨. អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដឹកនាំដោយលោកស្រី ដេប៉ាលីយែរ លក្ខិណា ទទួលបានព្រះរាជទ្រព្យចំនួន ៣០ពាន់ដុល្លារសហរដ្ឋអាមេរិក

ក្នុងឱកាសប្រគល់ជូនព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ សម្តចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមនីមួយៗ នូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងមន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមទាំងអស់ខាងលើនេះ។

សម្តេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍ជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យគិតគូរដ៏ខ្ពង់ខ្ពស់ជានិច្ច អំពីសុខទុក្ខក្នុងបញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តក្រីក្រជួបការលំបាក ជនចាស់ជរា ស្ត្រី កុមារា កុមារី ដែលមានជំងឺបានមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងរស់នៅក្រោមការបីបាច់រក្សារបស់អង្គការសមាគមនានា និងបុគ្គលិកបម្រើឲ្យការងារសកម្មភាពកម្ចាត់មីននៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ហេតុនេះហើយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏សន្ធឹកសន្ធាប់ថ្លៃថ្លា តាមរយៈសម្តេចមហាមន្ត្រី គុយ សុផលសម្រាប់ជួយទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការសមាគម និងការជួយលើកកម្ពស់ជីវភាពរស់នៅ ការជួយថែបំប៉នសុខាមាលភាព របស់ប្រជារាស្ត្រក្រីក្រ ជនចាស់ជរា ស្ត្រី កុមារា កុមារី ជាកូនចៅ ចៅទួតរបស់ព្រះអង្គឲ្យមានភាពល្អប្រសើរ និងបុគ្គលិកដែលបានខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការបោសសម្អាតមីននៃមជ្ឈមណ្ឌលស៊ីម៉ាក់ រួមចំណែកធ្វើឲ្យប្រទេសមានសុខសន្តិភាព និងសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×