Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសគាំទ្រឱ្យមានច្បាប់ដាក់ជនណាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជា «ភេរវករ» ដើម្បីការពារមរតកសន្តិភាព ដែលកម្ពុជារកបានដោយលំបាក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រកាសថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន គាំទ្រពេញទំហឹង ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការកសាងឲ្យមានច្បាប់ដើម្បីកំណត់ជនណា ឬក្រុមណាដែលបង្កើតចលនាជ្រុលនិយម បង្កអសន្តិសុខ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជា «ភេរវករ» ហើយត្រូវតែនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

ការប្រកាសគាំទ្របែបនេះរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅបន្តអនុវត្តការងារឆ្នាំ២០២៥ របស់កងទ័ពជើងអាកាស នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស (ពោធិចិនតុង)។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជិត៣០ឆ្នាំ ដែលបង្កវិនាសកម្មខ្ទេចខ្ទាំ ទម្រាំស្វែងរកបានមកវិញនូវសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរៈបុរសសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ជាអគ្គមគ្គុទ្ទេសក៍ឯក នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍកម្ពុជា ដូចបានឃើញបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា សន្តិភាព មានតម្លៃលើសលប់មិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជារស់នៅសុខសាន្តដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បានសង្គ្រាមទាំងស្រុង បាននាំមកនូវសន្តិភាព ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ ដែលនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រនៃកម្ពុជា។

នាយឧត្ដមសេនីយ៍ បានបន្តថា ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលស្រលាញ់សន្តិភាព រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវចក្ខុវិស័យយ៉ាងមោះមុតក្នុងការថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ទោះក្នុងតម្លៃណាក៏ដោយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×