ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ សកម្មជនសិទិ្ធការងារ ក្រុមសង្គមស៊ីវិល និងអ្នកនយោបាយ ជាច្រើនរូប បានប្រមូលផ្តុំគ្នានៅមុខស្តូបរបស់លោក ជា វិជ្ជា នៅក្បែរវិមានឯករាជ្យ ទល់មុខវត្ត លង្កា ដើម្បីប្រារព្ធពិធីរម្លឹកខួប ២១ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ។ ការប្រារព្ធពិធីនេះ មានការចូលរួមពីលោក ជា មុនី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា និងបច្ចុប្បន្នជាប្រធានគណបក្សកម្លាំងជាតិ ដែលជាគណបក្សជំទាស់ ។
លោក ជា វិជ្ជា ដែលជាអតីតប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅរបងខាងលិចនៃវត្ត លង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ។ មនុស្សចំនួនពីរនាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការចោទប្រកាន់ដោយមិនត្រឹមត្រូវថា ជាឃាតករ ហើយត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ៥ ឆ្នាំ មុនពេលតុលាការបដិសេធចោលបទចោទប្រកាន់នេះ ។
អ្នកចូលរួមជាច្រើននៅព្រឹកនេះ បានអំពាវនាវស្នើសុំឱ្យអាជ្ញាធរផ្តល់យុត្តិធម៌ដល់លោក ជា វិជ្ជា ដោយធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងឯករាជ្យ ក៏ដូចជាផ្តល់នូវយុត្តិធម៌ដល់ថ្នាក់ដឹកនាំសហជីពផ្សេងទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី