Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីននៅសណ្ឋាគារ Hyatt Regency Phnom Penh ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីនៃប្រទេសហ្វីលីពីន។

មានមតិក្នុងវេទិកាខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងប្រកបធុរកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមបានគូសរំលេចអំពីបច្ចុប្បន្នភាពថ្មីនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃផលិតផលក្នុងស្រុកសរុបក្នុងអត្រា៦% កាលពីឆ្នាំ២០២៤, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអតិផរណា, និងការកើនឡើងជាលំដាប់នៃគម្រោងវិនិយោគ។ ពាក់ព័ន្ធនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទន់ដែលគាំទ្រដល់បរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់ និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។ ជាក់ស្តែង វិស័យ និងសកម្មភាពវិនិយោគស្ទើរគ្រប់វិស័យបានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានស្នើដល់វិនិយោគិន និងធុរជនដែលមានវត្តមាននាឱកាសនេះមេត្តាចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។

សូមជម្រាបជូនផងដែរថា វេទិកាធុរកិច្ចខាងលើត្រូវបានសហការរៀបចំឡើងដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា, ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មហ្វីលីពីនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធសរុបប្រមាណ១៥០រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×