ថ្មីៗនេះ វីដេអូកូនប្រុសដ៏ល្អកម្ររក បង្ហាញនូវការដឹងគុណ យកលទ្ធផលជោគជ័យនៃការសិក្សា ដែលបានខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ រហូតទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅឯប្រទេសចិន មកជូនអ្នកម្តាយជាស្រ្តីមេម៉ាយ និងអមទាំងបទចម្រៀងអប់រំដ៏មានអត្ថន័យជ្រាលជ្រៅ បានអង្រួនបេះដូងមនុស្សជាច្រើន ដែលឃើញហើយទឹកភ្នែកហូរទប់មិនជាប់នោះទេ។
ជាក់ស្តែង តាមរយៈវីដេអូដែលត្រូវបានបង្ហោះ បានភ្ជាប់នូវពាក្យពេចន៍ស្រ្តីជាម្តាយ ដោយបានពោលពាក្យដ៏រំភើបរំជួលចិត្ត ទៅកាន់រូបថតស្វាមីដែលបានចែកឋាន យ៉ាងដូច្នេះថា «ប៉ាអើយ កូនយើងរៀនចប់អនុបណ្ឌិតនៅប្រទេសចិន កូនយកសញ្ញាប័ត្រ មកជូនប៉ាម៉ាក់ហើយ សូមប៉ាងាកក្រោយ អោយពរកូនយើងណា៎ប៉ា»។
នេះជាទង្វើដ៏គំរូមួយ ដែលយុវជនប្រុសស្រីទាំងឡាយ គួរយកគំរូតាម ក្នុងការសិក្សារៀនសូត្រ និងស្តាប់ការទូន្មាន ប្រៀនប្រដៅរបស់ឪពុកម្តាយ ដើម្បីក្លាយជាទំពាំងល្អក្នុងសង្គម។ ព្រោះថាបើមិនបានតបស្នងសងគុណឪពុកម្តាយទេ ក៏ដើម្បីអនាគតខ្លួនឯងផងដែរ ជាជាងដើរលេងគេចសាលា ភ្លើតភ្លើនតាមមិត្តភក្តិនាំដើរផ្លូវខុស ទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម។
ពិតណាស់ ក្រោយពីបានឃើញកូនប្រុសល្អបែបនេះ មហាជនជាច្រើន បានសម្តែងក្តីរំភើបជំនួសស្រ្តីជាម្តាយយ៉ាងខ្លាំង និងរំជួលចិត្ត ទប់ទឹកភ្នែកជាប់នោះទេ ខណៈមានអ្នកម្តាយជាច្រើន ក៏បានចូលមកបញ្ចេញមតិបង្ហាញអារម្មណ៍មួយនេះថា «នេះហើយដែលអ្នកម្ដាយគ្រប់គ្នាប្រាថ្នាចង់បាន, អ្នកប្រុសល្អណាស់ដឹងគុណម្ដាយ បើខ្ញុំដូចអ្នកវិញមិនដឹងសប្បាយចិត្តប៉ុណ្ណាទេ, អាណិតឪពុកទៅបាត់ មិនបានឃើញលទ្ធផលកូន, ល្អណាស់ក្មួយប្រឺងរៀនដើម្បីឯងផង និងសងគុណម្ដាយឪពុកផង ពិតជាគំរូល្អប្រពៃណាស់,…»៕