ភ្នំពេញេ: ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតឡាវ ដឹកនាំដោយលោកជំទាវ Phonevanh Outhavong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងផែនការក្រសួងផែនការ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ជំនួបនេះ បានប្រព្រឹត្តទៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូសាធារណរដ្ឋប្រជាមានិតឡាវ មកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ក្នុងក្របខណ្ឌការងារនៃការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលការងារប្រជាជននិងអភិវឌ្ឍន៍។
មានប្រសាសន៍ក្នុងជំនួប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតឡាវ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ មកកាន់ក្រសួងផែនការ។ ក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា កម្ពុជា ឡាវ និងវៀតណាម ជាប្រទេស៣ នៅឥណ្ឌូចិន ដែលមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរលង់ មានកិច្ចសហប្រតិបត្តិការល្អ និងជាអ្នកជិតខាងល្អ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា នេះជាលើកដំបូង ដែលឯកឧត្តមបានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ ហើយឯកឧត្តមសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើទោះបីជាកម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រ និងកំណែទម្រង់ជាច្រើន ក៏ដូចជាមកដល់នីតិកាលជំនាន់ថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែទំនាក់ទំនងល្អ កម្ពុជា ឡាវ នៅតែមិនប្រែប្រួល។ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់មិត្តប្រវត្តិសាស្រ្ត និងមានកិច្ចការខ្លះដែលកម្ពុជាអាចនិងរៀនសូត្រមកវិញផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ជោគជ័យនៃការបង្កើតយន្តការ និងកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌសម្របសម្រួលការងារប្រជាជន និងអភិវឌ្ឍន៍ ដែលកម្ពុជាទទួលបាន កើតចេញពីកិច្ចសហប្រតិបត្តិការល្អអន្តរក្រសួង ដែលមានរចនាសម្ព័ន្ធ និងយន្តការការងារច្បាស់លាស់ទាំងនៅថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូរបន្ថែមថា ក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា រីករាយនឹងចែករំលែក ហើយជាមួយគ្នានេះ ក៏ចង់រៀនសូត្រមកវិញពីក្រសួងផែនការនិងវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតឡាវ ក្នុងក្របខណ្ឌការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
ក្នុងជំនួប លោកជំទាវ Phonevanh Outhavong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតឡាវ បានសម្តែងនូវគារវកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសដល់គណៈប្រតិភូឡាវ មកសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ ពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហការដ៏រឹងមាំ កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងជម្រាបជូនអំពីគោលបំណង និងទិសដៅការងារ នៃដំណើរទស្សនកិច្ចនេះផងដែរ។
គួរបញ្ជាក់ ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូសាធារណរដ្ឋប្រជាមានិតឡាវ មកកាន់ក្រសួងផែនការ នាឱកាសនេះ មានគោលបំណង ដើម្បី៖ (១) ស្វែងយល់ពីបទពិសោធន៍របស់កម្ពុជា លើការសម្របសម្រួលអន្តរវិស័យ ក្នុងការបង្កើតគណៈកម្មាធិការពិសេសដើម្បីពន្លឿនការអនុវត្ត ICPD-PoA និងការបង្កើតនិងប្រតិបត្តិការគណៈកម្មាធិការជាតិសម្របសម្រួលការងារប្រជាជននិងអភិវឌ្ឍន៍ (២) សិក្សាស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវលម្អិតរបស់គណៈកម្មាធិការ យន្តការសម្របសម្រួល និងការត្រួតពិនិត្យ និងទំនាក់ទំនងរវាងគណៈកម្មាធិការ និងអង្គភាពផ្សេងទៀត ដូចជាការិយាល័យស្ថិតិ ដើម្បីផ្ដល់ទិន្នន័យសម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ និង (៣) ពង្រីកបណ្ដាញ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅលើការអនុវត្តការប្ដេជ្ញាចិត្ត ICPD-PoA និងគោលនយោបាយជាតិប្រជាជន និងអភិវឌ្ឍន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី