Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋកម្ពុជាភ្ញាក់ផ្អើលពីគុណភាពខ្យល់, ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា ល្អ មិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ !

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា គុណភាពខ្យល់នៅក្នុងបរិយាកាសនៃប្រទេសកម្ពុជាមានគុណភាពល្អ ពោលគឺមិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុលធ្ងន់ធ្ងរ ដែលជាការផ្ទុយពីមតិមួយចំនួនលើកឡើងថា ខ្យល់នៅកម្ពុជាមានជាតិពុលជាងខ្យល់នៅក្រុងបាងកក ប្រទេសថៃ ឬប្រទេសជិតខាង។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្វើឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តគំរូ និងដំបូងគេ គ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីសាធារណៈ, ដោយឯកឧត្តម បានជំរុញឱ្យមានការចូលរួមជាចាំបាច់ អនុវត្តវិធានការ ៣ កុំ… គឺ កុំដុត កុំចោល និងកុំកប់ សំរាម សំណល់ប្លាស្ទិក ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ក្នុងបរិយាកាស។

ទាក់ទងនឹងគុណភាពខ្យល់ក្នុងបរិយាកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា ថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ, មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។  ហេតុដែលបង្កឱ្យមានការកើនឡើងជាតិបំពុលនៃខ្យល់នេះ មានជាអាទិ៍ : ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម , ការបញ្ចេញផ្សែងពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត , ភ្លើងឆេះព្រៃ , ការដុតរានព្រៃ , ការដុតវាលស្មៅ , ការដុតគល់ជញ្ជ្រាំង , ការដុតសំរាម , ការដុតសំណល់ប្លាស្ទិក នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

ដូច្នេះ ពលរដ្ឋកម្ពុជា សូមចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយ បណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ ដូចជា ការដុតសំរាម ក៏អាចរាលដាលនាំឱ្យមានបញ្ហាភ្លើងឆេះព្រៃ ដែលហេតុនាំឱ្យមាន បញ្ហាខ្យល់ពុលខ្លាំង , ដូចគ្នាដែរ កុំដុតប្លាស្ទិក ព្រោះការដុតប្លាស្ទិកបណ្ដាលឱ្យប៉ះពាល់បរិស្ថាន គុណភាពខ្យល់ ប៉ះពាល់សុខភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការច្បាប់ លើរោងចក្រដែលបានដុតកម្ទេចក្រណាត់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន ជាពិសេសគុណភាពខ្យល់ និងកំពុងតាមដានគុណភាពខ្យល់ក្នុងបរិយាកាសជាបន្តទៀត។

បើតាមវេបសាយ អាយ ឃ្យូ អ៊ែរ បានធ្វើសេចក្ដីរាយការណ៍ពីគុណភាពខ្យល់ក្នុងបរិយាកាស សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៧:៤៦នាទីព្រឹក បង្ហាញថា គុណភាពខ្យល់ប្រទេសចិន ចន្លោះពី ២៣២ ទៅ ២៩៦ , គុណភាពខ្យល់ប៉េកាំងប្រទេសចិន ១៣៩ , គុណភាពខ្យល់ប្រទេសបង់ក្លាតដេស ២២៩ , គុណភាពខ្យល់ប្រទេសឥណ្ឌា ១៧៩ ទៅ ២១៨ , គុណភាពខ្យល់ភ្នំពេញប្រទេសកម្ពុជាចន្លោះពី ១៩៣ ទៅ ២១៣ , គុណភាពខ្យល់ប្រទេសអ៊ូហ្គាន់ដា ១៧១ , គុណភាពខ្យល់បាងកកប្រទេសថៃ ១៦៨ , គុណភាពខ្យល់ឌូបៃប្រទេសអារ៉ាប់អេមីរ៉ាត់ ១៦៨ , គុណភាពខ្យល់ប្រទេសកូរ៉េខាងត្បូង ១៥៤ , គុណភាពខ្យល់ហាណូយប្រទេសវៀតណាម ១៥៣ , គុណភាពខ្យល់ម៉ានីលប្រទេសហ្វីលីពីន ១៥២ , គុណភាពខ្យល់ប្រទេសតៃវ៉ាន់ ១៥១ , នៅមានគុណភាពខ្យល់នៃបណ្ដាប្រទេសជាច្រើនទៀត ក៏ប៉ុន្តែនៅឆ្ងាយៗពីកម្ពុជា CEN មិនចាំបាច់លើកមកបង្ហាញនោះទេ។

តើគុណភាពខ្យល់ គឺជាអ្វី ?
នៅពេល​ដែល​គុណភាព​ខ្យល់​ល្អ គឺ​ច្បាស់ណាស់ខ្យល់មាន​តែ​ភាគល្អិត​រឹង និង​ជាតិពុល​គីមី​តិចតួច​ប៉ុណ្ណោះ។គុណភាព​ខ្យល់​ខ្សោយ គឺមាន​កម្រិត​ជាតិពុល​ខ្ពស់ តែងតែ​មាន​ភាព​អ័ព្ទ និង​គ្រោះថ្នាក់​ដល់​សុខភាព និង​បរិស្ថាន។ គុណភាពខ្យល់ ត្រូវបានពិពណ៌នាយោងទៅតាមសន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលផ្អែកលើកំហាប់នៃសារធាតុបំពុលដែលមាននៅក្នុងខ្យល់នៅទីតាំងជាក់លាក់ណាមួយ, ប៉ុន្តែ ដោយសារតែខ្យល់តែងតែមានចលនា គុណភាពខ្យល់អាចប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឬសូម្បីតែពីមួយម៉ោងទៅមួយម៉ោង៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×