ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចអំពីវិស័យកសិកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាវិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនោះក៏បានកំណត់ក្នុងគោលនយោបាយអាទិភាពទាំង ៦ចំណុចផងដែររួមមាន ការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរនូវការខិតខំក្នុងការបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ បូករួមទាំងកិច្ចការអភិរក្សនូវប្រភេទសត្វកម្រនានា ទទួលបានលទ្ធផលវិជ្ជមាន ការទទួលបានពានរង្វាន់អង្ករល្អប្រណិតលើកទី០៦ និងការកោតសរសើរលើការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា និងមន្ទីរពិសោធន៍ជាតិ ដើម្បីបង្កើនគុណភាព សុវត្ថិភាពចំណីអាហារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅចំពោះមុខអង្គសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (១)ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន (២)ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម (៣)លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ (៤)បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ (៥)ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង(៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា សម្រេចបានសមិទ្ធផលជាច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តក្នុងការអនុវត្តការងារជាមួយនឹងយុទ្ធសាស្រ្តមុតស្រួច និងប្រាកដនិយមដើម្បីឱ្យសមស្របទៅគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា អនុវិស័យជលផល ក្រសួង សម្រេចបាននូវលទ្ធផលល្អប្រសើរ ដោយសារកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសនេសាទទូទាំងប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ។ ជាលទ្ធផលផលិតផលជលផលសរុបជិត១លានតោនក្នុង២០២៤ កើនឡើង៦០ពាន់តោនស្មើនឹង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងផ្គត់ផ្គង់បាន៩៥ភាគរយនៃតម្រូវការក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុងអនុវិស័យសុខភាពសត្វ នៅតែរក្សាបាននូវសន្តិសុខស្បៀង ជាមួយនឹងផលិតកម្មជាង៣២៥ពាន់តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុបក្នុងស្រុក ចំណែកឯបរិមាណតិចតួច ដែលបាននាំចូលបន្ថែមដើម្បីផ្គត់ផ្គង់ បានទាន់ពេលវេលាសម្រាប់ទាំងអ្នកផលិតនិងអ្នកទទួលទាន។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងបានបញ្ចប់ការកែសម្រួលរចនាសម្ព័ន្ធ និងបានបញ្ជូននូវមុខងារសាធារណៈដែលបានកំណត់នូវមុខងារ គាំទ្រ និងមុខងារស្នូលចំនួន១៣ និងមុខងាររងចំនួន៧៣ ដើម្បីផ្តល់កាន់តែរឹងមាំថែមទៀតដល់ការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ក្នុងនោះបានបង្រួមនាយកដ្ឋានដល់ទៅ៥ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួងបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតទៅលើដំណាំយុទ្ធសាស្រ្ត៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ។ ក្នុងនោះក្រសួងបានជួយសម្រួលក្នុងការពង្រីកកិច្ចសហការណ៍ជាមួយដៃគូធនាគារ ក្នុងការផ្តល់ប្រាក់កំចីការប្រាក់ទាបជូនដល់សហគមន៍ដែលបានបង្កើតឡើងចង់ខ្ចីប្រាក់ប្រើប្រាស់។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានអភិរក្សធនធានជលផល ជាពិសេសសត្វផ្សោតទន្លេមេគង្គ សត្វផ្សោតសមុទ្រ និងមច្ឆាជាតិផ្សេងទៀត ឱ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារក្រសួងបានសហការជាមួយអង្គការអភិរក្សសត្វព្រៃនានា ក្នុងការប្រលែងសត្វជិតផុតពូជចូលក្នុងបឹងធម្មជាតិវិញ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងការទន្ទ្រានការកាន់កាប់ដីព្រៃខុសច្បាប់ តាមរយៈការបញ្ជូនសំណុំរឿងទៅតុលាការ និងជំរុញការចុះបញ្ជីដីរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ការដាំកូនឈើ និងបង្កាត់សត្វដែលជិតផុតពូជ ដើម្បីបញ្ចូលក្នុងធម្មជាតិវិញ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានបន្តរៀបចំឱ្យមានរាជបណ្ឌិតសភាកសិកម្ម ដើម្បីស្រាវជ្រាវវិជ្ជាសាស្រ្តរកពូជ វិធីសាស្ត្រដាំដុះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលកសិកម្មខ្ពស់ ព្រមទាំងរៀបចំមន្ទីរពិសោធន៍កសិកម្មមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរក្សាគុណភាពនៃសុវត្ថិភាពម្ហូបអាហារ ចេញពីផលិតផលកសិកម្មបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងកសិកម្មបានជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀត លើមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ ដែលក្រសួងជ្រើសរើសកាលពីឆ្នាំ២០២៣។ ការជ្រើសរើសនេះ ធ្វើឡើងដោយមានតម្លាភាព ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុងអនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់៦១ភាគរយ ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម៣៩,៤លានតោន កើនឡើង២,៥៩ លានតោនធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថាទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ការបំផ្លាញពីសត្វល្អិតផ្សេងៗ តែនេះបញ្ជាក់ថា យើងកាន់តែមានភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ ជាមួយបង្កើនការផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ពូជ ជី ថ្នាំ និងបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានប្រើប្រាស់ថវិកាអន្តរាគមន៍នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សាស្ថិរភាពស្រូវសែនក្រអូប ផ្ការំដួល ដែលជាពូជរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទម្លាក់ហិរញ្ញប្បទានជាច្រើនទៅកាន់រោងម៉ាស៊ីនដៃគូទូទាំងប្រទេស ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឱ្យបានទាន់អំឡុងពេលភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងបានស្នើសុំឯកភាពពីរដ្ឋាភិបាល ដើម្បីបញ្ចេញកញ្ចប់ថវិកាពិសេសមួយទៀត ដើម្បីត្រៀមអន្តរគមន៍រក្សាលំនឹងទីផ្សារស្រូវពូជ OM សំដៅធ្វើឱ្យមានទីផ្សារល្អសម្រាប់កសិករ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបានកាលពីឆ្នាំ២០២៤ វិស័យកសិកម្មក៏បានជួបប្រទះនៅបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ និងការដោះស្រាយឱ្យបានទូលំទូលាយ ទាន់ពេលវេលានិងមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី