Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រួម​គ្នា​សង្គ្រោះ​ពលរដ្ឋ ពេល​គ្រោះទឹកជំនន់​

​ខេត្ត​ក្រចេះ ​៖ លោក​ញឹម វណ្ណដា បាន​ណែនាំ ដល់​អាជ្ញាធរ​ខេត្ត​ក្រចេះ​ត្រូវ​ឆ្លើយតប និង​សង្គ្រោះ​បន្ទាន់ ឲ្យបាន​ទាន់​ពេលវេលា ក្នុង​ការជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ក្នុងករណី​មាន​គ្រោះទឹកជំនន់ ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ផ្គត់ផ្គង់​ទាំង​ជម្រក​ស្នាក់ នៅ ទឹកស្អាត និង​បរិភោគ​ចំណីអាហារ រួម​ទាំង​ការថែទាំ​សុខភាព​ផងដែរ​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៨ សីហា ២០១៨ លោក ញឹម វណ្ណដា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​គ្រោះមហន្តរាយ ៧​ខែ ដើមឆ្នាំ​២០១៨ និង​ទិសដៅ​បន្ត របស់​ខេត្ត​ក្រចេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គ្រប់​ស្ថាប័ន អាជ្ញាធរ​ក្រុង ស្រុក​មេឃុំ ចៅសង្កាត់ ប្រមាណ​៣០០ នាក់​។​

​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​ធ្វើ​របាយការណ៍​សងេ្ខ​ប​ពី​ស្ថានភាព​ភូមិសាស្ត្រ និង​ការ​ប្រឈម​មួយចំនួន គឺ​ខេត្ត​ក្រចេះ ក៏​មិន​ខុស​ពី​បណ្តា​ខេត្ត​មួយចំនួន របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ដែល​បាន​ទទួលរង​នូវ​គ្រោះ​ធម្មជាតិ​មានដូចជា​៖ ខ្យល់​កន្ត្រាក់ គ្រោះ​ទឹក​ជំនន់ បាក់​ច្រាំង​ស្ទឹង អគ្គិភ័យ លង់ទឹក​ស្លាប់ ជាដើម ដែល​ធ្វើឲ្យ​ប៉ះពាល់​វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សង្គមកិច្ច ទៀតផង ហើយ​ជាក់ស្ដែង​ក្នុងឆ្នាំនេះ​ខេត្តក្រចេះ បាន​ទទួល​និង​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទន្លេមេគង្គ​។​

​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា គ្រោះមហន្តរាយ​បែបនេះ តែង​កើតមាន​ឡើង​ជា​រៀងរាល់ឆ្នាំ តែ​សំខាន់​នៅ​ត្រង់​ថា ក្រុមការងារ​ឆ្លើយតប​និង​សង្គ្រោះ​បន្ទាន់ ត្រូវតែ​ធ្វើ​ការងារ​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា ក្នុង​ការជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ ដូចជា​ក្នុង​ករណី​មាន​គ្រោះ​ទឹកជំនន់ ត្រូវបញ្ជូន​ពួកគាត់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ផ្គត់ផ្គង់​ទាំង​ជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ និង​បរិភោគ​ចំណីអាហារ រួម​ទាំង​ការថែទាំ​សុខភាព ជាដើម ព្រោះថា​ក្នុង​អំឡុងពេល​ជួប​គ្រោះ​ទឹកជំនន់ គឺ​ងាយ​រងគ្រោះ​ពី​ជំងឺ​ផ្សេងៗ​បំផុត ។​

​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏​បាន​រំលឹក​ដល់​អាណា​ព្យាបាល​ក៏ដូចជា​អាជ្ញាធរ ត្រូវការពារ​ក្មេង​តូចៗ​កុំឲ្យ​លេងទឹក ព្រោះ​កន្លង​មក​​មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​ជា​ច្រើន​នាក់​មក​ហើយ​។ លោក​បាន​ជំរុញ​ដល់​អាជ្ញាធរ ក៏​ដូច​ជា​ដៃគូ​ពាក់ព័ន្ធ អោយ​សហការ​គ្នា​ក្នុង​ការស្តារ​ឡើង​វិញ នៅក្រោយ​គ្រោះមហន្តរាយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន ផ្លូវថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម និង​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុម​ការងារ​គណៈ​ពង្រឹង សប្បុរសជន និង​បណ្តា​អង្គការ​ដៃគូ​នានា ដែល​តែង​បាន​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​គ្រា ជួប​គ្រោះមហន្តរាយ​ជាពិសេស ទាំង​រាជរដ្ឋាភិបាល ទាំង​កាកបាទក្រហមកម្ពុជា គឺ​បាន​យកចិត្ត ទុកដាក់​ជានិច្ច​ទៅលើ​ពលរដ្ឋ​រងគ្រោះ តាមរយៈ​ការសម្តែង​នូវ​សមានចិត្ត​អាណិតអាសូរ ការ​ចុះជួយ សង្គ្រោះបន្ទាន់ និង​ការផ្តល់​នូវ​ជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ទី​ទួល​សុវត្ថិភាព រួម​ទាំង​ការផ្តល់​នូវ អាហារ និង​ការថែទាំ​សុខភាព​ជា​ដើម​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×