Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ ជនទុច្ចរិតចូលទៅកាប់ឈើទាលធំៗក្នុងដែនជម្រកសត្វព្រៃ តំបន់ព្រៃឡង់ ក្នុងទឹកដីខេត្តស្ទឹងត្រែង បន្សល់ទុកគល់ឈើសរុប ៥៦គល់

តាមការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារថែរក្សាបរិស្ថាន និងក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋាន បានបង្ហាញថា ឈើទាលធំៗជាច្រើនដើមក្នុងដែនជម្រកសត្វព្រៃ តំបន់ព្រៃឡង់ ក្នុងទឹកដីខេត្តស្ទឹងត្រែង ត្រូវបានគេកាត់អារជ្រៀកធ្វើជាគ្រឿងធ្វើផ្ទះ រួចហើយនាំចេញយកទៅចែកចាយ, ក្នុងព្រៃនេះ គេរកឃើញគល់ឈើបន្សល់ទុក សរុប ៥៦គល់ ក្នុងនោះអាររំលំថ្មី មានចំនួន ៤៩គល់ និងគល់ឈើអារចាស់មានចំនួន ៧គល់, នេះជាការធ្វេសប្រហែស ក៏ដូចជាផ្ដល់ឱកាសឱ្យឈ្មួញទុច្ចរិត មកអារជ្រៀកនាំយកឈើទាលធំៗចេញពីដែនជម្រកសត្វព្រៃ តំបន់ព្រៃឡង់ដ៏គួរឱ្យសោកស្ដាយ។

ការបង្ហាញអំពីសកម្មភាពលួចកាត់ជ្រៀកឈើក្នុងតំបន់ព្រៃឡង់នេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមការងារថែរក្សាបរិស្ថាន និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យផ្ទាល់ដល់ភូមិសាស្រ្តព្រៃដែលត្រូវបានកាប់ ក្នុងដែនជម្រកសត្វព្រៃ តំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ វត្តមាននៅទីតាំងដែលកាប់បំផ្លាញព្រៃឈើនេះ រួមមាន : លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត, លោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់, លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស, សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ មាន លោក សន សារឿន អភិបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថខេត្ត មាន លោក អនុសេនីយ៍ឯក សេង សុភ័ណ្ឌ។ 

ឈើទាលដែលត្រូវបានកាប់បំផ្លាញនោះ មានអង្កត់ផ្ចិតចាប់ ៤០សង្ទីម៉ត្រែ ទៅ ១០០សង្ទីម៉ែត្រ គឺជាដើមឈើដែលបានច្បោះជ័ររបស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ មានដាក់ឈើបាញ់ថ្នាំសម្គាល់ ហាមកាប់រុករានដីព្រៃ ប៉ុន្តែពេលនេះ ត្រូវបានគេអារច្រៀកជាគ្រឿងឈើធ្វើផ្ទះ បន្សល់ទុកគល់ទាំងចាស់ទាំងថ្មី សរុប ៥៦គល់ ហើយគ្រឿងឈើនោះ ត្រូវបានដឹកចេញទៅអស់។

ក្រុមការងារបានសន្និដ្ឋានថា ករណីខាងលើនេះ ជាករណីកាប់រំលំ អារច្រៀកឈើ យកគ្រឿងឈើទៅចែកចាយ រួចហើយកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិបន្ថែមទៀត។ បច្ចុប្បន្ន មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិ-ឃុំ ស្រាវជ្រាវរកជនដែលបានប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋចង់ឃើញ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ប្រើកណ្តាប់ដៃទៅលើជនទុច្ចរិតនេះឱ្យបានផង ជាជាងកសាងសំណុំរឿងទទេស្អាត ទៅតុលាការ, ពោលគឺ ឃើញតែព្រៃឈើត្រូវបានកាត់បំផ្លាញ ចំណែកជនទុច្ចរិតគេចខ្លួនបាត់អស់៕ ពិសិដ្ឋ CEN

×