ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងអាស៊ែបៃហ្សង់ ជាពិសេសបានគូសបញ្ជាក់ពីការរៀបចំរំលឹកខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រជាជាតិទាំងពីរក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងបានពិភាក្សាអំពីវិធីសាស្រ្ត និងយន្តការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសភា រដ្ឋាភិបាល ប្រជាជន និងវិស័យឯកជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីរបៀបវារៈសំខាន់ៗ សម្រាប់ត្រៀមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៤ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ នាពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី