ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលជួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងគណប្រតិភូ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ។
ក្នុងជំនួបនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំសមាគមសិល្បករខ្មែរដ៏ល្អរបស់ អ្នកឧកញ៉ា ដែលធ្វើឱ្យវិស័យសិល្បៈខ្មែរមានភាពរីកចំរើន និងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសសក្តិសមជាសិល្បករតំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។
លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា បេសកកម្មរបស់សមាគម ពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយគោលបំណងរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងគោលដៅថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គលនៅក្នុងគ្រួសារ ដោយលើកកម្ពស់ស្ថានភាព តួនាទី សុខុមាលភាពស្រ្តីខ្មែរ។
ក្នុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា បានស្នើសុំឱ្យលោកជំទាវរដ្ឋមន្ត្រីផ្តល់នូវអនុសាសន៍ដល់សមាគមសិល្បករខ្មែរអំពីសក្តានុពលដែលអាចសហការគ្នាទៅវិញទៅមក ក្នុងកិច្ចការងារជួយដល់សង្គមតាមរយៈវិស័យសិល្បៈវប្បធម៌ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ។
ជាលទ្ធផល ស្ថាប័នទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហការក្នុងភាពជាដៃគូតាមរយៈការ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើសកម្មភាពគន្លឹះសំខាន់ៗដែលរួមមាន៖ ១. រៀបចំព្រឹត្តិការណ៍អប់រំផ្សព្វផ្សាយក្នុងទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ តាមរយៈការផលិតសារអប់រំខ្លីៗដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញសង្គម, ២. រៀបចំព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ ៨មីនា, ៣. ចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ លុបបំបាត់អំពើហិង្សា, និង ៤. ទិវារក្មេងស្រី ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី