Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរអគ្គិសនីកម្ពុជា ៖ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៦៩ ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ ដោយសារ ជាភូមិមានស្ថានភាពពិបាកខ្លាំង នៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ

ភ្នំពេញ ៖ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងថា ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន 99.15% នៅចុងឆ្នាំ២០២៤ គឺកើនឡើងចំនួន 0.28% ប្រៀបធៀបឆ្នាំ២០២៣ ។ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៦៩ ត្រូវជា ០.៤៩% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិដោយសារភូមិទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជាភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ។

នៅថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, អាជ្ញាធរសវនកម្មជាតិ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត, អគ្គិសនីកម្ពុជា, សមាគមអគ្គិសនីជនបទ, អាជ្ញាធរមូលដ្ឋាន តំណាងអ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស ។

សន្និបាតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីពិនិត្យ និងពិភាក្សាជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់អំពីវឌ្ឍនភាព និងការប្រឈមនានា ដែលវិស័យអគ្គិសនីកម្ពុជាបានជួបប្រទះក្នុងការផ្តល់សេវាកម្មអគ្គិសនីនិងការប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៤កន្លងមក ព្រមទាំងធ្វើការពិភាក្សាលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៥បន្តទៀត។

យោងតាមរបាយការណ៍របស់ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន 99.15% នៅចុងឆ្នាំ២០២៤ គឺកើនឡើងចំនួន 0.28% ប្រៀបធៀបឆ្នាំ២០២៣ ដែលមកដល់ចុងឆ្នាំ២០២៤នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន120ភូមិ ដោយផ្អែកតាមគម្រោងផែនការ ក្នុងឆ្នាំ២០២៥ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៥១ភូមិទៀត។ ដូច្នេះ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៦៩ ត្រូវជា ០.៤៩% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិដោយសារភូមិទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជាភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន ដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ភូមិទាំងនោះ។
នៅឆ្នាំ២០២៤កន្លងមកនេះ ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនដល់ 3,855,880ទីតាំង គឺកើនឡើងចំនួន 150,375ទីតាំង ប្រៀបធៀបឆ្នាំ២០២៣។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៤ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មានចំនួន 3,598,239 ស្មើ 95.24% នៃលំនៅឋានសរុប។

ឯកឧត្តម រដ្ឋមន្ត្រី កែវ រនតៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងចង់បានឆ្នាំ២០២៥នេះ ជាឆ្នាំដែលសេវាផ្តត់ផ្គង់អគ្គិសនី ត្រូវធ្វើប្រតិបត្តិការលើ App ទាំងអស់ សូមឱ្យការបង់ថវិកាពីអតិថិជន គឺមានភាគរយមិនលើសពី៥ភាគរយ ដែលបង់ថវិកាដោយផ្ទាល់ ទៅទីតាំងបញ្ជរបង់ប្រាក់ សូមឱ្យ៩៥ភាគរយ ត្រូវតែបង់ថវិកាតាមប្រព័ន្ធធនាគារទាំងអស់ នេះជាផែនការ សម្រាប់ឆ្នាំ២០២៥»។

បន្ថែមពីនេះ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ៗថា រាល់ការដាកពាក្យស្នើសុំតភ្ជាប់ចរន្តអគ្គិសនី និងការបង្កើតកម្លាំងអំពែអគ្គិសនីជាដើម គឺសុំឱ្យធ្វើប្រតិបត្តិការនៅឆ្នាំ២០២៥នេះ នៅត្រឹមឱ្យចប់នៅចុង១២ខែ ឆ្នាំ២០២៥។ ពោល សម្រាប់ការសុំដំឡើងអំពែថាមពលអគ្គិសនីនេះ ត្រូវធ្វើតាមប្រព័ន្ធអ៉ីនធឺណែត ដោយមិនតម្រូវឱ្យអតិថិជនមកបំពេញបែបបទ ដល់ទីតាំងផ្តល់សេវាករអគ្គិសនីទៀតនោះទេ។

ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជា, អគ្គិសនីកម្ពុជា ត្រូវតែដើរជាតួមុខគេ ដើម្បីធ្វើយ៉ាងណាជួយគាំទ្រឱ្យសេវាករឯកជនជាង ៤០០ទីតាំង អាចមានលទ្ធភាពធ្វើដំណើរការលើថ្នាល់ប្រព័ន្ធឌីជីថល មានភាពប្រហាក់ប្រហែលគ្នាផងដែរ។

ឯកឧត្តម កែវ រតនៈ គូសបញ្ជាក់ថា ដាច់ខាតសេវាករផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវឱ្យមានលេខផ្ទាល់របស់ក្រុមហ៊ុន និងដាច់ខាតមិនត្រូវយកលេខទូរស័ព្ទដៃរបស់បុគ្គលិក ដើម្បីធ្វើជា Hotline របស់ក្រុមហ៊ុននោះទេ ហើយអាជ្ញាធរទាមទារឱ្យសេវាករដែលគ្រប់សេវាកម្មមួយកន្លែង ត្រូវមានភ្នាក់ងារទទួលបន្ទុកការងារអតិថិជនច្បាស់លាស់ ដែលអាចទាក់ទងបាន។

ទន្ទឹមនឹងនេះ អនុវត្តតាមគោលនយោបាយផ្នែកថាមពលរបស់ក្រសួងរ៉ែ និងថាមពល និងគោលដៅបានដាក់ចេញដោយសន្និបាតរបស់អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីឆ្នាំកន្លងទៅ សមិទ្ធផលធំៗដែលអាជ្ញាធរអគ្គិសនីកម្ពុជាសម្រេចបាន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត មានដូចជា៖ បញ្ហាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីឱ្យអតិថិជន, បញ្ហាយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា, បញ្ហាការភ្ជាប់ចរន្តឱ្យអតិធិជនធុនធំ និងមធ្យម, បញ្ហានៃការប្រើប្រាស់កម្មវិធីអាជ្ញាធរអគ្គិសនីកម្ពុជា EAC-App, បញ្ហាបង្កើតហ្វេសបុក លេខហតឡាញ លេខទំនាក់ទំនងអតិថិជន, បញ្ហាប្រើប្រាស់បរិក្ខារអគ្គិសនីខុសស្តង់ដា និងការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក និងបញ្ហាដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។ល។

សម្រាប់ឆ្នាំ២០២៥នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានដាក់ផែនការ និងទិសដៅអនុវត្ត ដូចខាងក្រោម៖
ក) បន្តសហការជាមួយក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់ឯកជន ក្នុងការអនុវត្តគោលនយោបាយអន្តរកាលថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដែលមានអភិក្រមចំនួន៤ គឺ៖១-បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់, ២-រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល, ៣-បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា, ៤-បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។ ជាមួយគ្នានេះ សហការជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដើម្បីតាមដាន និងវាយតម្លៃជាប្រចាំនូវអាទិភាពគន្លឹះទាំង៥ រួមមាន ១-បញ្ហាការដាច់ចរន្តអគ្គិសនី, ២-បញ្ហាគុណភាពនៃការផ្គត់ផ្គង់លើប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនី, ៣-បញ្ហាការផ្តល់សេវាពាក់ព័ន្ធផ្សេងៗដល់អតិថិជនរបស់សហគ្រាសរដ្ឋ និងឯកជន, ៤-បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ និង ៥-បញ្ហាការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្តល់សេវានានា។
ខ) បន្តត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមទាំង ៧ចំណុច ដូចបានជម្រាបជូនខាងលើ
គ) បន្តត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការអនុវត្តខុសពីច្បាប់អគ្គិសនី លក្ខខណ្ឌអាជ្ញា បណ្ណ បទប្បញ្ញត្តិ សេចក្តីសម្រេច បទបញ្ជា និងនីតិវិធីនានារបស់អាជ្ញាធរអគ្គិសនីកម្ពុជា
ឃ) ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ ក្រសួងរ៉ែ និងថាមពល មានគម្រោងដាក់លក្ខខណ្ឌឱ្យអ្នកផ្តល់សេវាកម្មផ្នែក អគ្គិសនីទាំងអស់ ផ្តល់ការងារដល់ស្រ្តីយ៉ាងតិចឱ្យបាន ៣០% ទៅ ៤០% សម្រាប់សកម្មភាពសេវាកម្មនានារបស់អ្នកផ្តល់សេវាកម្មផ្នែកអគ្គិសនីនៅឆ្នាំ២០៣០។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងធ្វើលិខិតណែនាំផ្លូវការដល់អ្នកកាន់អាជ្ញាបណ្ណពាក់ព័ន្ធទាំងអស់ឱ្យចាប់ផ្តើមគិតគូរគម្រោងផែនការនេះ ដើម្បីឈានទៅសម្រេចផែនការរបស់ក្រសួង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×