Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យឈ្មោះ សម វិបុល សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តព្រៃវែង ករណីប្រមាថមន្ត្រីរាជការសាធារណៈ

ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សម វិបុល អាយុ៥៨ឆ្នាំ ពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ ដែលមានចេតនាញុះញង់នាំឲ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា: កាល ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សម វិបុល ភេទប្រុស អាយុ ៥៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះ១០៩ ផ្លូវលំ ភូមិបេង ឃុំថ្មពួក ស្រុកកញ្ចៀច ខេត្តព្រៃវែង ពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់ សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ ដែលមានចេតនាញុះញង់នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។

ជនសង្ស័យឈ្មោះ សម វិបុល ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមក សាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំពោះមុខសមត្ថកិច្ច ដោយយោងតាមចម្លើយសារភាព និងភស្តុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈញុះញង់បង្កភាព វឹកវរដល់សន្តិសុខសង្គម និងបានសរសេរខ្លឹមសារនៅក្នុងបណ្តាញសង្គមប្រមាថ ថែមទាំងចោទប្រកាន់មកលើ ថ្នាក់ដឹកនាំគ្មានមូលដ្ឋានច្បាស់លាស់ បង្កឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សម វិបុល ខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយពុំមានហេតុផល អ្វីផ្សេងពាក់ព័ន្ធដល់ការបំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងរាល់ការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ជនសង្ស័យនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×