ខេត្តឧត្តរមានជ័យ : អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយស សូម ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សព្វផ្សាយព័ត៌មាន មានខ្លឹមសារថា “អ្នកកាសែតរកឃើញមីនតោនខំយកទៅអោយប៉ូលីស ប៉ះចំប៉ូលីសអត់ចេះច្បាប់ ចាប់គ្នាយកទៅដាក់គុកទៀត។ សុំខ្លាចហើយប៉ូលីសខេត្តឧត្តរមានជ័យ” និង “សមត្ថកិច្ចល្ងង់ធ្វើបែបនេះហើយ បើសមត្ថកិច្ចចេះដឹងគួរតែ អរគុណអ្នកកាសែត ដែលគាត់យកមកប្រគល់អោយសមត្ថកិច្ច។ សំណូមពរ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលផង”។
ស្នងការដ្ឋាននគរបាលខេត្ត សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ពុំបានសុំការបញ្ជាក់ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រមូលនូវព័ត៌មានឱ្យបានច្បាស់លាស់ នាំឱ្យមហាជនមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។
ដើម្បីកុំឱ្យមានការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្តសូមធ្វើការបំភ្លឺជូនថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០នាទី នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីលួចយក មីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ចាត់ទុកជាតំបន់ហាមឃាត់ បង្កឡើង ដោយជនសង្ស័យចំនួន ០២នាក់ គឺឈ្មោះ ទី ពិទូ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅភូមិចំការ ចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងឈ្មោះ ពែក ពុយ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ស្នងការដ្ឋាននគរបាលខេត្ត សូមគូសបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមក ឈ្មោះ ទី ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ ប៉ុន្តែជនសង្ស័យនៅតែគឃ្លីនពុំស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ម្យ៉ាងវិញទៀត សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ការ ទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស ប្រសិនបើមានការផ្ទុះគ្រាប់មីនតោននេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/940e7f87ed8b1f6a68c56f43bfa2b7e9.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/fcbba13cc6c848b76f7d93c2bbf64b8d.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/be5ebdd7a00c603b30d83532103d290d-576x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9c0c64dbb8bd5bdec42b8cb21f1a46ce.jpg)