Saturday, February 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលខេត្ត និងក្រុង ស្រុក ខេត្តបាត់ដំបង រៀបចំផ្លូវថ្មើរជើងពេលរាត្រីដើម្បីពលរដ្ឋដើរនិងកម្សាន្ត!

បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅរាជធានីភ្នំពេញ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជនទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋបាលស្រុកនៃខេត្តបាត់ដំបងគិតគូរលើចំណុចនេះដែរ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំសាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើងសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកំណត់ក្នុងចន្លោះពេលវេលាណាមួយដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជាផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោមជាដើម។
ពាក់ព័ន្ធការកែលម្អ សោភ័ណភាព និងការរៀបចំទីតាំងផ្សេងៗ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ និងបំរើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ អ្នកដើរកម្សាន្ត និងហាត់ប្រាណ ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងថា ការស្រាវជ្រាវមួយរកឃើញថា ប្រជាជន១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធររៀបចំទីតាំងសម្រាប់ពួកគាត់ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ដូចគ្នាដែរ រដ្ឋបាលក្រុងស្រុកចំណុះឱ្យ ខេត្តបាត់ដំបង ត្រូវមានការជួបប្រជុំពិភាក្សា គ្នាជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោល ក្នុងតំបន់គ្រប់គ្រងនៃមូលដ្ឋានរបស់ខ្លួន ជៀសវាងតំបន់មានសក្តានុពល ត្រូវបានប្រើប្រាស់ខុសគោលដៅ ដែលនាំឱ្យពិបាកដោះស្រាយនាថ្ងៃក្រោយ។
ឯកឧត្តមបានលើកឡើងនូវបទពិសោធន៍ដែលតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិ ភ្នំ និងអាកាសធាតុប្រៀបបានប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ដោយ វិស័យឯកជន។

សូមបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសន្និបាតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ដែលពិធីបិទនាថ្ងៃនេះ ប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីរាជការកងកម្លាំងទាំងអស់សម្រាប់ការបំពេញភារកិច្ចប្រកបដោយជោគជ័យ ក្នុងឆ្នាំ២០២៤ និងក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញ ដោយពិនិត្យកែសម្រួលបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងស្ថានភាពឆ្នាំ២០២៥ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×