Tuesday, February 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករនិយោជិត៖ ការបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ខែមករា ឆ្នាំ២០២៥ រួមនិងអត្ថប្រយោជន៍ផ្សេងទៀត សរុបប្រមាណ ៣០០ដុល្លារ

ភ្នំពេញ៖ កម្មករនិយោជិតសប្បាយចិត្តបន្ទាប់ពីបានបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិតទទួលបានប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារក្នុងមួយខែ។ ការលើកឡើងបែបនេះបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។

លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិតនៃរោងចក្ររបស់លោកស្រីបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករារួចហើយ។ ទន្ទឹមនឹងនេះ លោកស្រីបានទទួលប្រាក់បៀវត្សប្រមាណជាង ៣០០ដុល្លារ ក្នុងមួយខែ បូករួមទាំងប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតដែលទទួលបានពីរោងចក្រផ្ទាល់។

កម្មការិនីរូបនេះបន្ថែមថា ប្រាក់ចំណូលប្រមាណជាង ៣០០ ដុល្លារក្នុងមួយខែនេះ លោកស្រីអាចយកទៅផ្គត់ផ្គង់គ្រួសារបានសមល្មម ដោយឡែកមួយចំណែកទៀតលោកស្រីទុកសម្រាប់ផ្គង់ផ្គង់ការចំណាយប្រចាំខែ និងអាចសន្សំទុកបានមួយចំនួនសម្រាប់តម្រូវការនាពេលអនាគតផងដែរ។ កម្មការិនីរូបនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលតែងតែងយកចិត្តទុកដាក់ និងដឹងសុខទុក្ខកម្មករនិយោជិតជានិច្ច ជាពិសេសត្បិតប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក ក៏ប៉ុន្តែវាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។ 

ដោយឡែក កញ្ញា យី ភួន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ម្នាក់ទៀតបានគូសបញ្ជាក់ថា កញ្ញាក៏ទទួលបានប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារដូចគ្នា បូកបញ្ជូលទាំងប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លារ ក្នុងមួយខែ និងប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតផងដែរ។ ប្រាក់ឈ្នួលជាង៣០០ ដុល្លារ កញ្ញាអាចផ្គត់ផ្គង់គ្រួសារបានសមរម្យ និងអាចសន្សំ ផ្ញើទៅស្រុកកំណើតបានមួយចំណែកដែរ។

កម្មការិនីរូបនេះបានបន្ថែមថា ប្រាក់ចំណូលជាង៣០០ដុល្លារក្នុងមួយខែ អាចជួយផ្គត់ផ្គង់គ្រួសារ និងអាចសន្សំបានមួយចំណែក ខណៈដែលមិនបារម្ភចំពោះការចំណាយលើការពិនិត្យ និងព្យាបាលសុខភាពនោះទេ ពីព្រោះកម្មករនិយោជិតមានប័ណ្ណ ប.ស.ស. ដែលអាចទទួលសេវាព្យាបាលជំងឺ និងថែទាំសុខភាពដោយឥតថ្លៃ។ តាមរយៈការប្រើប្រាស់ប័ណ្ណប.ស.ស. ដោយឥតគិតថ្លៃនេះហើយ ទើបធ្វើអោយកម្មករនិយោជិតអាចចំណេញថវិកាពីការថែទាំសុខភាពបានមួយផ្នែកធំ។ កម្មការិនីរូបនេះថ្លែងអំណរគុណទៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត និងជួយលើកកម្ពស់លក្ខខណ្ឌការងារកាន់តែល្អប្រសើរ ក៏ដូចជាជំរុញឱ្យមានសុខដុមនីយកម្ម នៅក្នុងរោងចក្រ សហគ្រាសផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ ត្រូវបានតំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន ៤ដុល្លារ បន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ៕