ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៥,៤០% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង២៧១ម៉ែត្រ ស្មើនឹង៥១ % នៃប្រវែងសរុប ៥៣៣ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារៈ គ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។
ក្នុងពេលដែលការងារនៅការដ្ឋានកាន់តែមមាញឹក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣,៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១,៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២,១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/9743ee51d30a728780ae8e6ebb563caf-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/02516f295d45e8939402b0f6f244ca8a-740x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e9c9782e74b6890b8c112cd4294f7a63-1024x769.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4fc9c514eb2115f5bae1c03da7857531-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9f6c857145e803247afe2544e9a33fcd-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/ad2b5078a2fde6e5d5bbe2f45519cf4b-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/acbab05d7e8996d5da2132b93dbe970f-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c511b621e0ffa0affe04c56e2277d233-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/44125df259e23a4d73c011e356c0b566-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0dd5da9ff51f356a3877bae73345e3d3-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d1b210c088eff307d63f88752a821bd7-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/7a2beb39fd5dccb0f6f8b67ff1796f6e-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9da6c06dfecde4b276c208274e431b43-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f8b0adcc62bccabed559db88ed8f97a0-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9f3573bcaa20571fdd2916ca057364a8-1024x768.jpg)