មនុស្សសឹងតែគ្រប់គ្នាពេលបញ្ចុះទម្ងន់ សុទ្ធតែប្រមូលផ្តុំទៅក្នុងអាហារដែលគេបរិភោគ ដូចជាបរិភោគតិចជាង ឬ ចៀសវាងអាហារមានស្ករ និងជាតិខ្លាញ់ច្រើន ។ តែជាក់ស្តែង នោះទីកន្លែងបរិភោគ និងកិច្ចការដែលធ្វើក្នុងពេលបរិភោគក៏សំខាន់មិនចាញ់គ្នាដែរ ។
ការស្រាវជ្រាវមួយថ្មីៗនេះ របស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិកចាត់ទុកថា ទម្លាប់ពេលកំពុងបរិភោគ អាចសំខាន់ជាងមុខម្ហូបដែលយើងបរិភោគ ។
ការសិក្សាលើមនុស្ស ១២៨០០ នាក់ នៅរដ្ឋ Ohio (អាមេរិក) រកឃើញថា អ្នកមិនមើលទូរទស្សន៍ ឬ វីដេអូ ឧបករណ៍កាន់ដៃមានអត្រាធាត់ទាបជាង ៣៧% ប្រៀបនឹងអ្នកបរិភោគបណ្តើរមើលបណ្តើរ ។
ក្រៅពីនេះ អ្នកបរិភោគអាហារចម្អិននៅផ្ទះជាប្រចាំ មានហានិភ័យធាត់ទាបជាង ២៥% ប្រៀបនឹងអ្នកចេញទៅបរិភោគក្រៅផ្ទះញឹកញាប់ ។ ចំពោះអ្នកដែលបរិភោគតែអាហារចម្អិននៅផ្ទះ និងមិនដែលចេញក្រៅបរិភោគ នោះហានិភ័យធាត់ទាបជាងដល់ ៤៧% ។
មុននោះ ការស្រាវជ្រាវមួយរបស់សកលវិទ្យាល័យ Brigham Young (អាមេរិក) រកឃើញថា ការបរិភោគបណ្តើរមើលទូរទស្សន៍បណ្តើរ ធ្វើឲ្យយើងមិនស្តាប់ច្បាស់ សឡេងទំពារបស់ខ្លួន ។ គឺរឿងនេះអាចធ្វើឲ្យយើងបរិភោគច្រើន ដោយមិនដឹងខ្លួន ។
អាស្រ័យហេតុនោះ ពួកជំនាញការទូន្មានអ្នកចង់បញ្ចុះទម្ងន់មិនត្រូវយកចិត្តទុកដាក់តែទៅដល់អាហារបរិភោគ គឺចូរចម្អិនដោយខ្លួនឯង និងមិនមើលទូរទស្សន៍, កុន ឬ វីដេអូពេលកំពុងបរិភោគ ។ ក្រៅពីនេះ ការចម្អិនដោយខ្លួនឯងក៏ជួយយើងអាចគ្រប់គ្រងបានបរិមាណជាតិខ្លាញ់, ស្ករ និងម្សៅចូលក្នុងរាងកាយ ៕ លីសា