កំពង់ចាម ៖ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់លើជំនាញរបស់ខ្លួន ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការអនុវត្តនីតិវិធីលើការងារជំនាញ ឲ្យកាន់តែមានភាពឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់បំផុត។ បើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ការងារកាន់តែចាំបាច់នោះមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការងារទាក់ទងនឹងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ។
នារសៀលថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានធ្វើពិធីប្រជុំបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម និងកិច្ចប្រតិបត្តិការ រយៈពេល៩ខែ និងលើកទិសដៅភារកិច្ចអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូមរួមពី លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម(ស្តីទី) លោកនាយ នាយរងការិយាល័យ និងមន្ត្រីចំណុះផែនការងារអត្តសញ្ញាណកម្ម ទាំងអស់ លោកអធិការនគរបាលស្រុក ក្រុងទាំង១០ លោកអធិការរងទទួលផ្នែកការងារអត្តសញ្ញាណកម្ម ចំណុះស្រុក ក្រុងទាំង១០ លោកនាយ នាយរងផ្នែកការងារអត្តសញ្ញាណកម្ម គ្រប់ស្រុក ក្រុងទាំង១០ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទទួការងារអត្តសញ្ញាណកម្មទាំង១០៩ប៉ុស្តិ៍សរុបចំនួន២០៣នាក់។
លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹក និងសង្កត់ធ្ងន់ឱ្យមន្ត្រីក្នុងផែននេះ ក៏ដូចជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់លើជំនាញរបស់ខ្លួន ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ការអនុវត្តនីតិវិធីលើការងារជំនាញ ពិសេសត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការងារទាក់ទងនឹងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរដើម្បី យកទៅអនុវត្តភារកិច្ចបានចំគោលដៅ និងមានប្រសិទ្ធភាព៕ ដោយ ៖ បញ្ញាស័ក្តិ