ភ្នំពេញ ៖ បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលរួចហើយ រសៀលថ្ងៃទី៦ខែកញ្ញានេះ ទាំងនាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភក្ត្រព្រះមហាក្សត្រ។
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានដឹកនាំសម័យប្រជុំ ដើម្បី ធ្វើការបោះឆ្នោតជាកញ្ចប់ជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈ កម្មការជំនាញទាំងអស់នៃរដ្ឋសភា នឹងបានផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលផងដែរ។
ជាលទ្ធផលសមាជិក សមាជិកា រដ្ឋសភា បានបោះឆ្នោតជាឯកច្ឆ័នគាំទ្រសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា នីតិកាលទី៦ ឯកឧត្តម ងួន ញ៉ិល ជាអនុ ប្រធានទី១ និងលោកជំទាវ ឃួន សូដារី ជាអនុប្រធានទី២។
បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រពីរដ្ឋសភាឲ្យក្លាយជាប្រធានរដ្ឋសភា នីតិកាល ទី៦ រួចមកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន តាងនាម លោកងួន ញ៉ិល អនុប្រធាន ទី១ និងលោកស្រី ឃួន សូដារី អនុប្រធានទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការគាំទ្រសមាជិករដ្ឋសភា និងបានហៅការគាំទ្រនេះថាជាការផ្តល់កិត្តិយសយ៉ាងធំធេង ចំពោះសម្តេច ឯកឧត្តម និងលោកជំទាវទាំង ៣រូប ដែលបានក្លាយជាប្រធាន អនុប្រធានទី១ អនុប្រធានទី២ រដ្ឋសភានាពេលនេះ។ ក្នុងនាមជាប្រធានស្ថាប័ននីតិប្បញ្ញត្តិ សម្តេចអគ្គមហា ពញាចក្រីបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការធ្វើការបំរើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅ នឹងការផ្តល់ទំនុកចិត្តយ៉ាងលើសលប់ពីពលរដ្ឋម្ចាស់ឆ្នោត កាលពីការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត។
កិច្ចប្រជុំនេះមានការចូលរួមដោយតំណាងរាស្ត្រ១២៥រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានការប្រកាសសុពលភាព និងស្បថចូលកាន់តំណែង ដើម្បីបើកកិច្ចប្រជុំរបស់ខ្លួន ក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលកិច្ចប្រជុំសភានេះដឹកនាំដោយព្រឹទ្ធសមាជិកសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៕ ដោយ ៖ បញ្ញាស័ក្តិ
ពាក្យពេចន៍នៃការធ្វើសច្ចាប្រណិធាន រាជរដ្ឋាភិបាលអាណត្តិថ្មីរួមមានខ្លឹមសារដូចតទៅ៖ “ទូលព្រះបង្គំ យើងខ្ញុំ នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល សូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដូចតទៅ៖ក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកម្ម ដែលប្រជារាស្ដ្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាគោរពធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាប្ដូរផ្ដាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ៖ ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍ ។ បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ ១៩៦៩។ ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។ ទូលបង្គំយើងខ្ញុំ សូមបេ្ដជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញ្ញាជាដាច់ខាត ឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្ដរជាតិរបស់កម្ពុជាបានឡើយ។ ទូលព្រះបង្គំយើងខ្ញុំមិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្ដរជាតិទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។ ទូលព្រះបង្គំយើងខ្ញុំ សូមបេ្ដជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះសិទ្ធិមនុស្សដូចមានចែងក្នុងសេចក្ដីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្ស។ ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្ដិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្ដិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ដ្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប។
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើសច្ចាប្រណិធានហើយនោះ គណៈរដ្ឋមន្ត្រី អាណត្តិទី៦ នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ មុននឹងបំពេញការងារផ្សេងៗទៀត ដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕