ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បានបញ្ជូនក្រុមការងារជាន់ខ្ពស់ចំនួន១១រូប ទៅខេត្តព្រះសីហនុ បន្ទាប់ពីវត្តមានជនជាតិចិន អុកឡុកនៅខេត្តព្រះសីហនុ និងបង្កឲ្យមានបទល្មើសជាច្រើន បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជូនក្រុមការងារចំនួន១១រូប ទៅជួយពង្រឹងសន្តិសុខសណ្តាប់ធ្នាក់ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន នាយឧត្តមសេនីយ៍ផ្កាយ៤ម្នាក់ ឧត្តមសេនីយ៍ឯកផ្កាយ៣ម្នាក់ ឧត្តមសេនីយ៍ទោផ្កាយ២ ចំនួន៦នាក់ ឧត្តមសេនីយ៍ត្រីផ្កាយ១ ចំនួន២នាក់ និងវរសេនីយ៍ឯកម្នាក់។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចចុះពង្រឹងនៅខេត្តព្រះសីហនុ ដើម្បី ពិនិត្យ វាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ ដើម្បីផ្តើមស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ចេញវិធានការដឹកនាំ ស្របតាមការវិវឌ្ឍរីកចម្រើនថ្មី ។ ពិនិត្យ ណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង និងស្របតាមគោលការណ៍ ផែនការ ទិសដៅនានា របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ចេញ ។ តាមដានការអនុវត្តន៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នើសុំការអនុញ្ញាតប្រើកម្លាំងអន្តរាគមន៍ ដោះស្រាយសភាពការណ៍ចាំបាច់មួយចំនួន ពីឯកឧត្តមនាយកឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ៕ ដោយ ៖ បញ្ញាស័ក្តិ