ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងតម្លើងឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់៣រូប ជាថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ។
នៅក្នុងលិខិតនេះបានបង្ហាញថា ឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានស្នើតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតម្លើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានស្នើតែងតាំងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានស្នើតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
យោងតាមបញ្ជីសមាសភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អតីតមេទ័ពកម្ពុជា៣រូប ត្រូវបានដំឡើងឋានៈជាទេសរដ្ឋមន្រី្ត ក្នុងសមាសភាពរាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៦នេះ។ អតីតមេទ័ពទាំងបី ដែលត្រូវដំឡើងឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស រួមមាន៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ, និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ចំណែក តំណាងរាស្ត្រចំនួន២អាណត្តិជាប់ៗគ្នា លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាសម្រាប់អាណត្តិទី៦ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។
សម្រាប់អាណត្តិទី៥ កន្លងទៅនេះ លោក ហ៊ុន ម៉ានី មានតួនាទីជាសមាជិកសភា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ លោក ស សុខា ត្រូវតែងតាំងជា រដ្ឋលេខាធិការក្រសួងអប់រំ សម្រាប់អាណត្តិទី៦ ។ រីឯ លោក ស សុខា អតីតតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅអាណត្តិទី៥ ជាកូនរបស់សម្តេចក្រឡាហោម ស ខេង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងទៅជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អាណត្តិទី៦។
នេះជាការប្រកាសឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុងបើកកិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងអាណត្តិទី៥កន្លងទៅ លោក ស សុខា មានតួនាទីជាសមាជិកសភា តំណាងរាស្ដ្រគណបក្សប្រជាជកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង និងខេត្តបាត់ដំបង៕ ដោយ ៖ បញ្ញាស័ក្តិ