ការិយាល័យពិនិត្យជំងឺ King County បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការស្លាប់របស់នារីថៃ២នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងបន្ទប់មួយនៅអគារ Malloy ក្នុងសង្កាត់សាកលវិទ្យាល័យនៃទីក្រុង Seattle (អាមេរិក) គឺជាការធ្វើអត្តឃាត បន្ទាប់មនុស្សឃាត ។
និស្សិតស្រីទាំងពីរត្រូវបានស្គាល់មានឈ្មោះថា Kornkamol Leenavarat អាយុ ២៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Thiti-orn Chotchuangsap អាយុ ៣២ ឆ្នាំ ។
យោងតាម Seattle Times និស្សិតស្រីដែលមានអាយុច្រើនជាង បានចាក់សម្លាប់មិត្តរួមថ្នាក់របស់នាងអាយុប្អូន មុនពេលចាក់ខ្លួនឯងនៅត្រង់ទ្រូង កាលពីថ្ងៃសៅរ៍ ស្ថិតក្នុងបន្ទប់អគាររបស់ពួកគេនៅ 4337 15th Ave. N.E. Seattle ។
សាកសពរបស់ពួកគេត្រូវបានរកឃើញកាលពីថ្ងៃអង្គារ បន្ទាប់ពីអ្នកគ្រប់គ្រងអគារ បានចូលទៅត្រួតពិនិត្យសុខភាព ចំពោះនិស្សិត ។ ប៉ូលីសភ្លាមៗនោះ ត្រូវបានហៅបន្ទាប់ពីសាកសពនិស្សិតស្រីទាំងពីរត្រូវបានរកឃើញ ហើយបានដាក់ការសង្ស័យជំហានដំបូងថាជាករណីមនុស្សឃាត និងអត្តឃាត ។
លោកស្រី Ana Mari Cauce ប្រធាន UW បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សាកលវិទ្យាល័យថា ទាំង Leenavarat និង Thiti-orn គឺជានិស្សិតនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ស្ថិតក្រោមកម្មវិធីថ្នាក់អនុបណ្ឌិតច្បាប់ ។
Leenavarat គឺជាសមាជិកម្នាក់នៃគ្រួសារអ្នកនយោបាយ ។ ហើយនាងគឺជាកូនស្រីពៅរបស់ Pawawin ដែលជាអតីតចៅហ្វាយក្រុងរង Thanyaburi នៅខេត្ត Pathum Thani ហើយជាក្មួយរបស់ចៅហ្វាយក្រុងបច្ចុប្បន្ន, នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ ។
ចំណែក Thiti-orn ត្រូវបានគេជឿថាមកពីខេត្ត Samut Sakhon ។ លទ្ធផលស្រាវជ្រាវនៅលើអ៊ីនធើរណែតបង្ហាញនាងថា នាងជានាយកក្រុមហ៊ុន Pornsiri Power Limited ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅ Samut Sakhon ដែលទាក់ទងនឹងផលិតផលម្ហូបអាហារ ។
គ្រួសាររបស់ Leenavarat ត្រូវបានគេរាយការណ៍ឲ្យដឹងថា ពួកគាត់នឹងហោះហើរទៅកាន់ទីក្រុង Seattle ដើម្បីប្រមូលយកទ្រព្យសម្បត្តិទាំងឡាយរបស់នាង និងសាកសពរបស់នាង មកស្រុកកំណើតវិញផងដែរ ៕ ចន្ទី (nextshark)