Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកបើករថយន្ត​តាក់ស៊ី Pass App វាយ​ប្លន់​ជនជាតិ​ជប៉ុន​យក​លុយ​ជាង ១​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ៖ នគរបាល​ចាប់ខ្លួន​អ្នកបើករថយន្ត​តាក់ស៊ី Pass App ដែលវាយ​ប្លន់​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ជប៉ុន យក​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ​។ ជនសង្ស័យ​ជា​អ្នកបើករថយន្ត​តាក់ស៊ី​ម្នាក់ បាន​ដឹក​ភ្ញៀវ​ជនជាតិ​ជប៉ុន​ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង លុះ​ដល់​គោលដៅ ឃើញ​ជនរងគ្រោះ​ជា​ភ្ញៀវ​មាន​លុយ​ច្រើន​ជាប់​ខ្លួន ក៏​វាយ​ប្លន់​បាន​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ រត់គេចខ្លួន​បាត់​។ ៦​ថ្ងៃ​ក្រោយមក​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​នាំយក​មក​ចាត់ការ​តាមច្បាប់ និង​ដកហូត​បាន​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។ ករណី​ខាងលើ​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​ករណី​អ្នកបើក​តាក់ស៊ី​វាយ​ភ្ញៀវ​ប្លន់​យក​លុយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែង​ផ្លូវ​៤០៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។ លុះ​ក្រោយ​ពី​ស្រាវជ្រាវ​អស់​រយៈពេល​៦​ថ្ងៃ ទីបំផុត សមត្ថកិច្ច​ក៏​ឈាន​ដល់​ការឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​បាន កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នាំយកមក​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​ដែល​វ៉ៃ​ប្លន់​ភ្ញៀវ​យក​លុយ​១​ម៉ឺន​ដុល្លារ និង​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នេះ មាន​ឈ្មោះ​ប៊ុន ម៉ៅ មុខរបរ​អ្នកបើកបរ រថយន្ត​តាក់ស៊ី ឱ្យ​ក្រុមហ៊ុន Pass App​។ ចំណែក​ជនរងគ្រោះ មាន​ឈ្មោះ​សា​កូស៊ី កាដូ​យ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ជប៉ុន ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែង​៤០៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។​

​លោក​វរសេនីយ៍ឯក ជីវ វិបុល នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជាក់​ប្រាប់ថា ការបង្ក្រាប​ខាងលើនេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ុន ម៉ៅ មក​ធ្វើ​ការសាកសួរ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។ ជាមួយនេះ កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង​រថយន្ត​មួយគ្រឿង​ម៉ាក កា​ម៉ា​រី​បា​ឡែន ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ ភ្នំពេញ 1I-7731​។ ក្រៅពី​នោះ​សមត្ថកិច្ច ក៏​បាន​ដកហូត​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង រួម​នឹង​ប្រាក់​ចំនួន​៩៨០០​ដុល្លារ​ផង​ដែរ​។​

​លោក​ជីវ វិបុល បាន​បន្តថា កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ បាន​បើករថយន្ត​១​គ្រឿង​ខាងលើ ទៅធ្វើ​សកម្មភាព​វាយ​ប្លន់​ជនរងគ្រោះ​ឈ្មោះ សា​កូស៊ី កាដូ​យ៉ា ជនជាតិ​ជប៉ុន នៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែង​៤០៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។​

​តាម​សម្តី​បុរសរងគ្រោះ បាន​រៀបរាប់​ប្រាប់ថា នៅ​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ ខ្លួន​បាន​ជិះ​ម៉ូតូ​កង់​បី​ជាមួយ​មិត្តភក្តិ​ទៅ​ស៊ីផឹក​នៅ​ហាង​មួយ​កន្លែង​យីហោ “​មី​យ៉ា​មិ​” នៅ​ផ្លូវ​លេខ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ រហូតដល់ ម៉ោង​២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨ ពេល​ចេញ​ពី​ផឹកស៊ី​វិញ ខ្លួន​មិន​បាន​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​មកវិញ​ទេ តែ​បាន​ហៅ តាក់ស៊ី Pass App ជិះ​សំដៅ​មក​ផ្ទះ​វិញ​។ មួយសន្ទុះ​ក្រោយមក ខ្លួន​ឃើញ​ជនសង្ស័យ​បើករថយន្ត​ម៉ាក​កាមរី ដែល​ប្រើ​ប្រព្រឹត្ត​បទល្មើស មក​ទទួល​ខ្លួន ហើយ​ជិះ​សំដៅ​ទៅ​កន្លែង​ស្នាក់នៅ ដែល​មាន​ទីតាំង​នៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែង​៤០៤ សង្កាត់​បឹង​កេងកង​ទី​២​។​

​ជនរងគ្រោះ បាន​បន្តថា លុះ​ពេល​ទៅដល់​ផ្ទះ ខ្លួន​ក៏​បាន​ដក​ប្រាក់​ចំនួន​៥​ដុល្លារ​ឱ្យ​ថ្លៃ​តាក់​ស៊ី ស្រាប់តែ​ភ្លាមៗ​នោះ អ្នកបើក​តាក់ស៊ី ដែល​ជា​ជនសង្ស័យ ឃើញ​ខ្លួន​មាន​លុយ​ច្រើន ក៏​ប្រតាយប្រតប់​ទាញ​យក​កាបូប​លុយ​ពី​ខ្លួន ហើយ​ក៏​លូក​យក​ប្រាក់​អស់​ចំនួន​២​ម៉ឺន​ដុល្លារ រួច​ឡើង​ជិះ​រថយន្ត​គេចខ្លួនបាត់​។​

​ដោយឡែក​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ខាងលើ​មែន ដោយ​បាន​ប្លន់​យក​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ​។ លុះ​ក្រោយ​ធ្វើ​សកម្មភាព​រួច ខ្លួន​បាន​បើករថយន្ត​គេច​ទៅផ្ទះ ហើយ​យក​ប្រាក់​ទៅ​លាក់ទុក រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​។​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×