ការរីករាលដាលនៃសង្គ្រាមអាមេរិកនៅប្រទេសវៀតណាមមកលើប្រទេសកម្ពុជា បាននាំមកនូវការបំផ្លិចបំផ្លាញវប្បធម៌ សង្គមរបស់សហគមន៍ជនជាតិចិនជាច្រើន។ ដូចសម្ដេចសីហនុ ដែរ លោកលន់ នល់ (១៩៧០-១៩៧៥) ចង់ឱ្យមាន អត្ដសញ្ញាណតែមួយសម្រាប់ជនជាតិទាំងឡាយនៅកម្ពុជា ដោយលោកអះអាងថា ក្រុមជនជាតិទាំងអស់នៅកម្ពុជា សុទ្ធតែមានពូជពង្សដ៏ឧត្តុង្គឧត្តមពីជាតិសាសន៍ខ្មែរ លើកលែងតែជនជាតិចិននិងជនជាតិវៀតណាមតែប៉ុណ្ណោះ។
ជនជាតិចិនក្រោមរបបលន់នល់
បន្ទាប់ពីបានឡើងកាន់អំណាចអស់រយៈពេលជាច្រើនខែមក រដ្ឋាភិបាលរបស់លោកលន់ នល់ បានសម្លាប់រង្គាលជនជាតិ វៀតណាមអស់រាប់ពាន់នាក់ ហើយសកម្មភាពនេះធ្វើឱ្យមានការថ្កោលទោសនិងការភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់សហគមន៍ចិននៅកម្ពុជា និងជនជាតិចិននៅបរទេស។ ដើម្បីដោះស្រាយជាមួយសហគមន៍ចិនទាំងពីរនេះ នៅថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ លោកលន់ នល់ បានធ្វើសេចក្ដីប្រកាសទូទាំងប្រទេសចំពោះជនជាតិចិនទាំងឡាយដែលលោកចាត់ទុកថាជា«មិត្តភក្ដិដ៏ជាទីស្រឡាញ់ បំផុតរបស់លោក» ឱ្យរស់នៅក្នុងភាពស្ងប់ស្ងាត់។ នៅពេលនោះលោកលន់ នល់ ក៏បានចេញសារាចរមួយ ណែនាំឱ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ជួយទប់ស្កាត់មិនឱ្យមានសកម្មភាពណាមួយដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជនជាតិចិន (Henry Kamm, ឆ្នាំ១៩៧០)។
ទន្ទឹមនឹងខិតខំការពារចំពោះជនជាតិចិន លោកលន់ នល់ បានបិទសាលារៀន និងកាសែតទាំងអស់ ដោយចោទប្រកាន់ថា ទាំងជនជាតិចិន ទាំងជនជាតិវៀតណាម សុទ្ធតែជាអ្នកបង្កឱ្យមានការបាត់បង់នូវទំនៀមទម្លាប់និងសីលធម៌រស់នៅរបស់ខ្មែរបន្ដិចម្ដងៗ ហើយថាជនជាតិទាំងពីរនេះមានគំនិតផ្សព្វផ្សាយលទ្ធិកុម្មុយនិស្ដនៅស្រុកខ្មែរ (Revvu de l’Arme’e, ឆ្នាំ១៩៧២ )។ ក្រុមសមាគមនិស្សិត ដែលមានទីតាំងប្រវតិ្ដសាស្ដ្ររបស់ខ្លួននៅសាលារៀនមួយឈ្មោះយ៉ូកៃ (Yucai School) នៅឃុំកោះទាវ ស្រុកកោះធំ ខេត្តកណ្ដាល បានរំលឹកឱ្យដឹងពីព្រឹតិ្ដការណ៍នៃការបិទសាលារៀនចិនដោយបង្ខំពីសំណាក់រដ្ឋអំណាចរបស់លោកលន់ នល់ នៅក្នុងឆ្នាំ១៩៧០ ពីព្រោះពួកគេយល់ថា ភាសាចិនគឺជាភាសារបស់ពួកកុម្មុយនិស្ដ។នៅពេលដែលរដ្ឋអំណាចលន់ នល់ ធ្វើយុទ្ធនាការបង្ក្រាបអ្នកដែលមានភក្ដីភាពចំពោះខ្មែរក្រហម ពួកប៉ូលិសបានផ្ដោតទៅលើអ្នកដែលមានសែស្រឡាយជាជនជាតិចិន។ ជនជាតិចិនទាជីវជំនាន់ទី២ ម្នាក់បានរំលឹកអំពីប្រវតិ្ដដែលគាត់ត្រូវបានគេចាប់ខ្លួននៅខេត្តក្រចេះ ដែលជាស្រុកកំណើតរបស់គាត់ ដោយសារតែ«ខ្ញុំជាជនជាតិចិន និយាយភាសាខ្មែរបានល្អនិងជាអ្នកចេះដឹងខ្ពង់ខ្ពស់។ ដូច្នេះពួកគេបានសង្ស័យខ្ញុំថាជាអ្នក ស៊ើបការណ៍ឱ្យពួកកុម្មុយនិស្ដ»។
សាលារៀនចិនជាច្រើនដែលស្ថិតនៅក្រៅរង្វង់គ្រប់គ្រងរបស់លន់ នល់ ភាគច្រើនស្ថិតនៅក្នុងតំបន់រំដោះ ហើយត្រូវទទួលនូវការទម្លាក់គ្រាប់បែក ដូចព្រះវិហារចិន សាលារៀន និងព្រះវិហារសាសនាទាំងឡាយរបស់ក្រុមជនជាតិ ផ្សេងៗទៀតដែរ។ សមាគមកីឡានិងកាសែតទាំងឡាយដែលបានបើកឡើងវិញបន្ទាប់ពីមានការហាមឃាត់ពីសំណាក់ សម្ដេចសីហនុ នៅឆ្នាំ១៩៦៧ ត្រូវបានគេបិទទាំងអស់។ ជនជាតិចិនកន្ដាំងជំនាន់ទី២ ម្នាក់ដែលសព្វថ្ងៃមានអាយុប្រហែល ៥០ឆ្នាំហើយនោះ បានរំលឹកឱ្យដឹងអំពីការគាបសង្កត់ពីសំណាក់រដ្ឋអំណាចរបស់លន់ នល់ទៅលើការប្រើប្រាស់ភាសាចិន នៅទីក្រុងបាត់ដំបង។ គាត់និយាយថា«ប្រជាជនទាំងឡាយមានការភ័យខ្លាចមិនហ៊ាននិយាយភាសាចិនឡើយ។ ដោយហេតុថា ប្រសិនបើពួកយើងនិយាយភាសាចិន នោះនឹងត្រូវទទួលរងនូវការរិះគន់ថាពួកយើងខ្វះការគោរពដល់វប្បធម៌ខ្មែរ»។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ជនជាតិចិនខិម្នាក់ ដែលពេលនោះរស់នៅជនបទនៃខេត្ដបាត់ដំបង បាននិយាយថា គាត់មិនបានជួបប្រទះបញ្ហាដូចនេះឡើយ។ ដោយមើលឃើញយ៉ាងនេះ គោលនយោបាយនៃការដឹកនាំ របស់លោកលន់នល់ មិនត្រូវបានគេអនុវត្តន៍ពេញលេញនៅក្នុងតំបន់រំដោះទាំងនោះឡើយ ហើយពួកជនជាតិចិនក៏បាន អនុវត្តន៍នូវយុទ្ធសាស្ដ្រផ្សេងៗដើម្បីធ្វើឱ្យវប្បធម៌របស់ខ្លួនរស់ឡើងវិញសាជាថ្មីនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
គ្រូបង្ហាត់ ភាសាចិនកន្តាំងម្នាក់ដែលសព្វថ្ងៃនេះគាត់មានអាយុជាង៤០ឆ្នាំ បានរំលឹកឱ្យដឹងថា ទោះជាមានការបង្ខិតបង្ខំឱ្យបិទសាលា រៀនចិននៅទីក្រុងភ្នំពេញក៏ដោយ ក៏ជនជាតិចិនទាំងឡាយនៅតែបានលួចរៀនស្ងាត់ៗនៅតាមផ្ទះដែរ។ មិត្ដភក្ដិរបស់នាង ពីរនាក់ត្រូវបានគេចាប់ ហើយផាកពិន័យអស់ប្រាក់ចំនួន ៨០០.០០០រៀល ពីបទលួចបង្រៀនភាសាចិន។ ប៉ុន្ដែជនជាតិចិន ទាជីវជំនាន់ទី២ រស់នៅទីក្រុងភ្នំពេញ បានចងចាំអំពីភាពខ្វះចន្លោះនៅក្នុងច្បាប់ដែលបង្កើតឡើងដោយពួកលន់នល់ ហើយថានៅពេលនោះពួកជនជាតិចិនបានរៀនភាសាចិននៅវិទ្យាល័យស៊ីសុវត្ថិជាធម្មតា។ ចិនកន្ដាំងជំនាន់ទី២ ម្នាក់នៅខេត្ដក្រចេះបានរំលឹកឱ្យដឹងអំពីសាលារៀនដ៏ល្បីល្បាញមួយឈ្មោះ ហ្សុង សាន (Zhong Shan) ដែលមានកូនសិស្សជាច្រើននាក់មកពីប្រទេសចិន ត្រូវបានរដ្ឋអំណាចរបស់លន់នល់ បិទទ្វារមិនឱ្យដំណើរការ។
ការបិទទ្វារសាលានោះ បានធ្វើឡើងទន្ទឹមពេលដែលមានការផ្ដួចផ្ដើមនូវប្រតិកម្មរបស់ខ្លួនតទល់ទៅនឹងបរិយាកាសដ៏អាប់អួផ្នែកនយោបាយ ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាខាងផ្នែកយោធានៅតំបន់នោះ។ ដូចសាលារៀន និងព្រះវិហារចិនដ៏ស្អាតៗមួយចំនួនធំនៅតាមទីក្រុងនានាដែរ សាលាហ្សុងសាន បានស្ថិតស្ថេររួចពីការបំផ្លិចបំផ្លាញរបស់ ពួកលន់នល់។ នៅតំបន់ជនបទមួយចំនូនធំ សាលារៀនចិនជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែក មិនមែនដោយរដ្ឋអំណាចឡើយ។ ការទម្លាក់គ្រាប់បែកដ៏សន្ធឹកសន្ធាប់ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣ បានបំផ្លាញមជ្ឈមណ្ឌល របស់ជនជាតិចិនជាច្រើន ក្នុងនោះក៏មានសាលារៀន ព្រះវិហារ វត្ដអារាម ដែលជារបស់ជនជាតិខ្មែរ ចាម ចិន ជាច្រើនបានបំផ្លាញខ្ទេចខ្ទីដែរ។ ការទម្លាក់គ្រាប់បែកទាំងនោះបានធ្វើឱ្យខូចខាត និងមានការឈឺចាប់ជាច្រើន។ សិស្សចំនួន៧០០នាក់ដែលរៀននៅសាលាចិនក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ និងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបញ្ចប់ការសិក្សាដោយសារការទម្លាក់គ្រាប់បែកទាំងនោះ។ សាលារៀនចិននៅឃុំជប់ ក្នុងខេត្ដកំពង់ចាម ត្រូវបានបំផ្លាញដោយសារការទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៧០ នៅពេលដែលពួកយោធាអាមេរិកបានទម្លាក់សំដៅលើ មូលដ្ឋានកងទ័ពវៀតកុង ដែលស្ថិតនៅក្បែររោងចក្រកៅស៊ូនៅទីទោះ។ ព្រះវិហារចិននៅស្រុកព្រៃកប្បាស ស្រុកអង្គរបុរី ក្នុងខេត្តតាកែវ ឃុំទូកមាស នៅខេត្តកំពត និងឃុំពោធិ៍ពីរ នៅខេត្ដកំពង់ចាមត្រូវបានបំផ្លាញខ្ទេចខ្ទី។ អ្វីដែលនៅសេសសល់ ពីសាលារៀនចិនហៃណាំដ៏ល្អមួយនៅភូមិព្រៃធំក្នុងខេត្តកំពត គឺជញ្ជាំងបាក់បែកដែលនៅជាប់នឹងគ្រឹះថ្មនៃតួសាលា។ ទន្ទឹមនឹងនេះដែរ សាលារៀនចិនមួយទៀតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ឈ្មោះមីងដ៏ (Mingde) ដែលបានកសាងឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ ត្រូវបានបំផ្លាញក្នុងទសវត្សរ៍ឆ្នាំ១៩៧០ (គឺប្រហែល៥០ឆ្នាំក្រោយពីបានសាងសង់ ហើយមានដើមឈើនិងវល្លិគ្របដណ្ដប់លើកម្ទេចកម្ទីបាក់បែកទាំងនេះ។
ទោះជាយ៉ាងណាក៏ដោយ របបលន់នល់ បានបំភ្លេចចោលនូវគោលគំនិតបង្កើតខេមរយានកម្មបែបថ្មីនៅពេលដែលការ វាយប្រហារខាងផ្នែកយោធាមួយជាមួយប៉ុលពត កាន់តែរីកធំឡើង ហើយនៅពេលនោះលោកលន់ នល់ បានអំពាវនាវឱ្យក្រុមជនជាតិភាគតិចទាំងឡាយចូលរួមក្នុងចលនាកងទ័ពសាធារណរដ្ឋរបស់លោក។ អ្នករកស៊ីលក់សាច់ជ្រូកកូនចិនកាត់ខ្មែរម្នាក់មកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានរំលឹកឱ្យដឹងថា បន្ទាប់ពីបានជោគជ័យ ក្នុងការធ្វើរដ្ឋប្រហារ លន់នល់ បានផ្ដល់អត្ដសញ្ញាណប័ណ្ណពិសេសដល់ជនជាតិចិន ហើយយកពន្ធពិសេសមួយពីជនជាតិចិនទាំងនេះ។ រដ្ឋអំណាចរបស់លន់ នល់ ក៏បានចាប់ជនជាតិចិនឱ្យធ្វើទាហានដែរ ។ខណៈពេលដែលឈ្មោះរបស់ជនជាតិចិន មាននៅលើតារាងប្រចាំថ្ងៃរបស់អ្នកផ្ដល់ជំនួយមូលនិធិក្នុងនាមជាកងកម្លាំងការពាររបស់របបលន់នល់ និងក្នុងខណៈពេលដែលជនជាតិចិនមួយចំនួនបានទាញប្រយោជន៍ពីការធ្វើជំនួញ ដោយបង្កើតបណ្ដាញរកស៊ីក្នុងពេលធ្វើសង្គ្រាម នោះ លោកលន់នល់មិនបានអត់ឱនឱ្យជនជាតិចិនទាំងនោះឡើយ។ ប្រទេសចិនបានគាំទ្រសម្ដេចសីហនុ និងចលនារណសិរ្សបង្រួបបង្រួមជាតិកម្ពុជាយ៉ាងពេញទំហឹង ហើយនៅពេលនោះជនជាតិចិននិងចិនកាត់ខ្មែរទាំងឡាយ បានដើរតាមចលនានេះ។ ក្រៅពីចងសម្ព័ន្ធភាពជាមួយសម្ដេចសីហនុ ការប្ដេជ្ញាចិត្ដដើរតាមគំនិតរបស់ម៉ៅ សេទុង រួមទាំងមនោសញ្ចេតនារបស់ខ្លួនចង់មានទំនាក់ទំនងជាមួយប្រទេសចិនផងនោះ កូនសិស្សចិនជាច្រើននៅទីក្រុងភ្នំពេញ និងខេត្តនានាបានចូលរួមជាមួយនឹងចលនាបង្រួបបង្រួមជាតិនៅតាមតំបន់រំដោះទាំងឡាយ។ ទន្ទឹមនឹងនោះដែរ ជនជាតិចិនជាច្រើនរស់នៅតាមតំបន់ដាច់ស្រយាលក៏បានសម្រេចចិត្តរត់ចូលព្រៃដើម្បីកាន់អាវុធតាមការអំពាវនាវរបស់សម្ដេចសីហនុ និងចូលរួមជាមួយខ្មែរក្រហម៕
លីសា