ខេត្តព្រះសីហនុ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១ និង១១២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ។ សមត្ថកិច្ចនគរបាលស្រុកកំពង់សីលា បានឲ្យដឹងថា សាកសព មានអាយុប្រហែល៤១ឆ្នាំ កំពស់ ១ ,៥៥ម សម្បុរសណ្តែកបាយ ពាក់អាវយឺតដៃខ្លីពណ៌ស អត់ស្លៀកខោ ដែលតាមការសន្និដ្ឋានពីមន្ត្រីជំនាញ និងមន្ត្រីពេទ្យស្រុកកំពង់សីលា អះអាងជាបណ្តោះអាសន្នថា សាកសពអាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយពិនិត្យឃើញមានបាក់ឆ្អឹងជំនីខាងស្តាំ និងមានដានស្នាមកង់ឡាននៅនឹងកន្លែងក្បែរសាកសពផងដែរ។
បច្ចុប្បន្នសាកសពត្រូវបាន សមត្ថកិច្ចកំពុងចាត់ចែងឲ្យយកសព ទៅកប់ទុកជាបណ្តោះអាសន្ន នៅវត្តព្រៃប្រសិទ្ធក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕ ដោយ៖ ដែន សីមា