សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការងារលើវិស័យអភិបាលកិច្ចទឹក និងធនធានធម្មជាតិ នៅកម្ពុជា អំពាវនាវដល់គណៈកម្មការទន្លេមេគង្គ (MRC) ឲ្យពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុន ស្តីពីសំណើរគម្រោងទំនប់វារីអគ្គីសនីប៉ាក់ឡាយ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១០កញ្ញា នេះថា MRC កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ដើម្បីចាប់ផ្តើមដំណើរការពិគ្រោះយោបល់ជាមុនទៅលើសំណើរគម្រោងទំនប់វារីអគ្គីសនីប៉ាក់ឡាយ គឺជាគម្រោងទី៤ ដែលគ្រោងនឹងសាងសង់នៅលើទន្លេមេគង្គក្នុងប្រទេសឡាវ។ ដោយអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ MRC បានចេញសេចក្តីប្រកាសអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិលនៅក្នុងតំបន់ ឲ្យចូលរួមក្នុងដំណើរការពិគ្រោះយោបល់ជាមុន ដែលគ្រោងនឹងរៀបចំនៅក្នុងវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
អង្គការសង្គមស៊ីវិល ដែលធ្វើការលើអភិបាលកិច្ចទឹក និងធនធានធម្មជាតិនៅកម្ពុជា អំពាវនាវដល់ MRC ឲ្យពន្យាពេលដំណើរការពិគ្រោះយោបល់ជាមុន ដោយយោងទៅលើហេតុផលដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួម។ ប្រសិនបើមិនដូច្នោះទេ អង្គការសង្គមស៊ីវិលថ្នាក់ជាតិ នឹងធ្វើពហិការមិនចូលរួមក្នុងដំណើរការពិគ្រោះយោបល់ជាមុននេះទេ។
ដំណើរការពិគ្រោះយោបល់ជាមុន គឺជាតម្រូវការមួយស្ថិតក្រោមនីតិវិធីផ្តល់ព័ត៌មាន ពិគ្រោះយោបល់និងការព្រមព្រៀង (PNPCA) របស់កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលអនុញ្ញាតិឲ្យប្រទេសនៅតាមទន្លេមេគង្គភាគខាងក្រោម រួមគ្នាពិនិត្យ រាល់គម្រោងនានាដែលបានស្នើរសម្រាប់ការអភិវឌ្ឍន៍នៅលើដងទន្លេមេគង្គ ក្នុងគោលបំណងស្វែងរកការព្រមព្រៀង ថាសំណើរគម្រោងគួរត្រូវបានអនុញ្ញាតិឲ្យធ្វើឬក៏អត់។
សូមអានបន្ថែមលើសេចក្តីថ្លែងការណ៍រួមតាមរយៈគេហទំព័រ NGOF ខាងក្រោម ៖
ដោយ ៖ កូឡាប